ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បានរៀបចំបិទវគ្គបណ្ដុះបណ្ដាលជំនាញចុងភៅជំនាន់ទី៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ការរៀនជំនាញចុងភៅ គឺជាជំនាញមួយដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងក៏ជាចំណែកដ៍សំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ ហើយបច្ចុប្បន្នជំនាញនេះ នៅក្នុងប្រទេសកម្ពុជាមិនសូវមានច្រើននោះទេ ដូច្នេះទើបរាជបណ្ឌិត្យសភាកម្ពុជាបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលជំនាញចុងភៅ និងភេសជ្ជៈ ដើម្បីបំពេញតំរូវការក្នុងប្រទេស។
ជាមួយគ្នានេះ លោក ស័រ សំអាង គ្រូបង្គោលជំនាញចុងភៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្វើម្ហូបក្នុងសម័យនេះ មិនមែនដូចសម័យមុននោះទេ ពោលកាលពីសម័យមុនការធ្វើម្ហូបហូបតែមួយឆ្អែត តែសម័យនេះ គឺត្រូវហូបឆ្អែត និងគិតគូរពីសុខភាពទៀត។លើសពីនេះ លោកលើកឡើងពីរបៀបធ្វើម្ហូបឱ្យឆ្ងាញ់ និងមានគុណភាព។
សិក្ខាកាមរៀនជំនាញចុងភៅបានឱ្យដឹងដែរថា មូលហេតុដែលចូលរៀនជំនាញនេះ គឺដោយសារស្រលាញ់ និងចង់បង្កើតអាជីវកម្មផ្ទាល់។
គួរបញ្ជាក់ដែរថា ការបណ្តុះបណ្តាលមុខជំនាញចុងភៅ និងភេសជ្ជៈ នៅរាជបណ្ឌិត្យសភាកម្ពុជា មានគោលបំណងផ្តល់ជូននូវចំណេះជំនាញពិតប្រាកដជូនដល់សិក្ខាកាមទាំងអស់ ដោយឈរលើទស្សនវិស័យគោលគឺ អនាម័យ ឆ្ងាញ់ តម្លៃសមរម្យ និងស្នាមញញឹម។ ហើយការបណ្តុះបណ្តាលមានជាច្រើនវគ្គដោយសិក្ខាកាមអាចជ្រើសរើសពីថ្ងៃចន្ទដល់អាទិត្យ៕ អត្ថបទ ៖ ទូច សោភ័ណ







