កណ្ដាល ៖ បើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានឲ្យដឹងថា ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គមិនទាន់បង្កការប៉ះពាល់ផ្ទះសំបែង និងដំណាំចំការរបស់របស់ប្រជាពលរដ្ឋនៅតាមដងទន្លេនោះទេ ហើយនៅពេលនេះទៀត ដីស្រែចំការមួយចំនួនដែលត្រូវការទឹកហូរពន្លិច គឺមិនទាន់បានលិចនោះទេ។
បើតាមលោក យ៉ាវ ម៉េងសែ មន្ត្រីតាមដានកម្ពស់ទឹកទន្លេ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី ១៧ ខែតុលានេះថា នៅពេលនេះ បើទោះខេត្តចំនួន១៦ បានកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងផង និងទឹកជំនន់ទន្លេមេគង្គ ក៏យើងសង្កេតឃើញថា កម្ពស់ទន្លេទឹកទន្លេមេគង្គ និងទន្លេបាសាក់ មិនទាន់បានហក់ឡើងក្នុងខ្ពស់ ធ្វើអោយយើងមានការព្រួយបារម្ភឡើយ។
លោក យ៉ាវ ម៉េងសែ ថ្លែងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលានេះ កំពស់ទឹកទន្លេមេគង្គនៅស្ថានីយអ្នកលឿងមានកំពស់៤.៩៧ម៉ែត្រ កម្ពស់ទឹកនៅព្រឹកព្រែកក្តាមមាន៥.៨៣ម៉ែត្រ កំពស់ទឹកចតុមុខ ៦.៨៣ម៉ែត្រ និងកម្ពស់ទឹកស្ថានីយកោះខែល មានកំពស់៦.១៩ម៉ែត្រ ខណៈដែលកម្ពស់ប្រកាសអាសន្ន គឺមានកំពស់ចាប់ពី៧.៤០ម៉ែត្រ រហូតដល់១០.៥០ម៉ែត្រ។
លោក បន្តថា តាមរយៈកម្ពស់នៅក្នុងកម្រិតនេះ គឺបានធ្វើអោយដីស្រែចំការដែលបានប្រមូលផលហើយ នៅក្នុងផ្នែកខាងក្រោម គឺកំពុងត្រូវការទឹកច្រើន ដើម្បីពន្លិចដីស្រែចំការរបស់គេ។
បើតាមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ មានបណ្តាព្រែកមួយចំនួននៅក្នុងស្រុកកោះធំ គឺទើបតែមានទឹកហូរចូល ហើយការមានទឹកតិចតួចហូរដីស្រែនេះ វាបង្កអោយប្រជាពលរដ្ឋមួយចំនួនពិបាកធ្វើស្រែចំការ៕
អត្ថបទ ៖ ស៊ុម សុខជា


