
មន្ត្រីម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នេះ បាននិយាយថា របបយោធាមីយ៉ាន់ម៉ា បានរាយការណ៍ពី «ការវាយប្រហារយ៉ាងខ្លាំងក្លា» ដោយពួកបះបោរ និងបានប្រាប់មន្ត្រីរដ្ឋាភិបាលឲ្យត្រៀមខ្លួន សម្រាប់ភាពអាសន្ន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការអំពាវនាវឲ្យអ្នកដែលមានបទពិសោធន៍យោធាត្រៀមខ្លួនចូលរួមប្រយុទ្ធ។
យោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយក្រុមជនជាតិភាគតិច និងរដ្ឋបោះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ២០២១ បាននាំមកនូវការព្រមព្រៀងគ្នាដែលមិនធ្លាប់មានពីមុនមក រវាងកងកម្លាំងប្រឆាំងនឹងពួកយោធា ដែលកំពុងបង្កើនបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ពួកកងទ័ព ក្នុងរយៈពេលជាច្រើនឆ្នាំ។
អ្នកនាំពាក្យរបស់របបយោធា លោក Zaw Min Tun បាននិយាយថា កម្លាំងយោធាកំពុងប្រឈមនឹង «ការវាយប្រហារយ៉ាងខ្លាំងក្លាពីទាហានឧទ្ទាមប្រដាប់អាវុធ» នៅក្នុងរដ្ឋ Shan នៅភាគភាគឦសាន រដ្ឋ Kayah នៅភាគខាងកើត និងរដ្ឋ Rakhine នៅភាគខាងលិច។ អ្នកនាំពាក្យរូបនេះបាននិយាយថា ទីតាំងយោធាមួយចំនួនត្រូវបានជម្លៀសចេញ ហើយក្រុមបះបោរបាននិងកំពុងប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់គ្រាប់បែករាប់រយគ្រាប់លើទីតាំងយោធា។
សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានស្ថិតនៅក្នុងភាពចលាចល ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ នៅពេលដែលក្រុមយោធាបានទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយម្ចាស់ជ័យលាភីពានរង្វាន់ណូបែល គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដោយការធ្វើបែបនេះ បានបញ្ចប់រយៈពេលមួយទសវត្សរ៍នៃកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនេះ៕