
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ដោយអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធជាបន្ទាន់សម្រាប់បុព្វហេតុមនុស្សធម៌ និងបើកច្រករបៀងនៅក្នុងតំបន់ហ្កាហ្សា។
នេះគឺជាសេចក្ដីសម្រេចដំបូងដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំចុងក្រោយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល មក។ សេចក្តីសម្រេចនេះទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាចំនួន ១២ រូបក្នុងចំណោមសមាជិកទាំង ១៥រូប។ អង់គ្លេស រុស្ស៊ី និងអាមេរិក បានអនុប្បវាទ។
លោក ចាង ជុន (Zhang Jun) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបាននិយាយ «ក្រុមប្រឹក្សាគួរតែអនុម័តសេចក្តីសម្រេចដ៏ទូលំទូលាយ និងរឹងមាំជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះនៅតែមានសារសំខាន់ជាវិជ្ជមាន ដែលជាជំហានដំបូងឆ្ពោះទៅរកបទឈប់បាញ់ និងសំណើអប្បបរមាដើម្បីសង្គ្រោះជីវិត ដែលជួយបញ្ចៀសវិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយកាន់តែខ្លាំង»។
មុនពេលបោះឆ្នោតលើសេចក្តីសម្រេច ដែលព្រាងដោយជនជាតិម៉ាល់ត៍នេះ រុស្ស៊ីបានដាក់វិសោធនកម្មផ្ទាល់មាត់ដោយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ «ភ្លាមៗ យូរអង្វែង និងប្រកបដោយនិរន្តរភាពដោយនាំទៅដល់ការបញ្ឈប់អរិភាព» ដែលបរាជ័យក្នុងការអនុម័ត ដោយសារមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់៕