
រដ្ឋមន្ត្រីការបរទេសថ្មីលោក លោកដេវីដ កាមេរ៉ូន ( David Cameron) បានបំពេញទស្សនកិច្ចការងារលើកដំបូងទៅអ៊ុយក្រែន ដោយជួបជាមួយប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ក្នុងទីក្រុងគីវ។
លោកកាមេរ៉ូន បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន ដោយសន្យាថាខ្លួន នឹងនៅទីនោះ ទោះបីជាវាត្រូវការរយៈពេលយូរប៉ុណ្ណាក៏ដោយ»។
លោកបានសន្យាថា នឹងបន្តការគាំទ្រផ្នែកសីលធម៌ ការទូត សេដ្ឋកិច្ច ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការគាំទ្រផ្នែកយោធា ។
លោកហ្សេឡិនស្គី បានថ្លែងអំណរគុណចំពោះលោកកាមេរ៉ូន សម្រាប់ការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស។
លោកប្រធានាធិបតីអ៊ុយក្រែន បានអបអរសាទរដល់លោកកាមេរ៉ូនចំពោះការតែងតាំងថ្មីរបស់លោក និងបានថ្លែងអំណរគុណចំពោះលោកដែលបានបំពេញទស្សនកិច្ចការងារជាលើកដំបូង ទៅកាន់ទីក្រុងគីវ ក្នុងតំណែងថ្មីរបស់លោក។
លោកហ្សេឡិនស្គី បាននិយាយថា៖«នេះមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលនេះ នៅពេលដែលពិភពលោក កំពុងយកចិត្តទុកដាក់មិនត្រឹមតែចំពោះស្ថានភាពនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ» ដោយសំដៅទៅដល់មជ្ឈិមបូព៌ា។