
ប្រទេសឥណ្ឌូនេស៊ី បានប្រគល់ជាផ្លូវការនូវប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ដល់ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាក្រុមចុងក្រោយនៃកិច្ចប្រជុំ អំឡុងពេលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានរបស់ពួកគេ ។
កិច្ចប្រជុំដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនៅទីក្រុងហ្សាកាតា បានកើតមានឡើង ស្របពេលភាពតឹងសកល និងក្នុងតំបន់ បានឡើងកម្តៅខ្លាំង ក្នុងនោះជម្លោះកំពុងកើតឡើងនៅអ៊ីស្រាអែល និងសង្រ្គាមតំបន់ហ្គាហ្សា បានក្លាយជាប្រធានបទសំខាន់បំផុតនៅក្នុងកិច្ចប្រជុំមួយនេះ ។
កិច្ចប្រជុំប្រចំាឆ្នាំនេះដែរ បានកើតមានឡើង ស្របពេលដែលជម្លោះបន្តឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន ហើយស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំង ក្នុងដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង ជាទីដែលចិនរងការចោទប្រកាន់ថា បានបំពានលើហ្វីលីពីនដែលមានការគាំទ្ររបស់សហរដ្ឋអាមេរិក និងព្យាយាមពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុន ។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subiantoនិយាយថា ពួកយើងបានមើលឃើញការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ហេតុដូច្នេះហើយ ខ្ញុំមានជំនឿចិត្តថា ក្រោមភាពជាដឹកនាំរបស់លោក(រដ្ឋមន្រ្តីការពារជាតិឡាវ) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) នឹងបន្តរីកចម្រើន ។
លោកបន្តថា លោកមានជំនឿចិត្តយ៉ាងពេញលេញលើជំនឿចិត្ត គតិបណ្ឌិត និងភាពជាអ្នកដឹកនាំរបស់រដ្ឋមន្រ្តីការពារជាតិឡាវ ៕