
នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវដែល្លី បាននាំគ្នាត្អូញត្អែពីការពិបាកដកដង្ហើម ពេលដែលផ្សែងធូលីបន្តគ្របដណ្តប់លើរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
លោក Himanshuដែលជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងដែល្លី បានប្រដូចការដកដង្ហើមនៅក្នុងខ្យល់កខ្វក់ ប្រៀបបាននឹងការជក់បារី ៣០ដើមក្នុង១ថ្ងៃ ។
លោកថា ពួកយើងបានមកទីនេះនៅពេលព្រឹក ពួកយើងភ្ញាក់ឡើងពេលព្រឹកគិតថាវាមិនអីនោះទេ ពួកយើងគួរតែចេញក្រៅ ពួកយើងត្រូវតែស្រូបយកខ្សល់អាកាសបរិសុទ្ធ ប៉ុន្តែស្ថានភាពនៅទីនេះមិនដូច្នោះនោះទេ ។
លោកបន្តថា ពួកយើងដើររយៈពេលប្រហែល ១ម៉ោង ហើយបើសិនជាគ្មានម៉ាស់ទេនោះ នឹងមានបញ្ហាច្រើន ដោយសារតែខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី ។
រូបភាពវីដេអូឃ្លីបដែលថតបានដោយទីភ្នាក់ងារព័ត៌មាន ANI ឃើញអគារប្រវត្តិសាស្រ្តជាច្រើនដូចជាព្រះវិហារហិណ្ឌូ Akshardham គ្របដណ្តប់ដោយផ្សែងធូលីពីចម្ងាយ ។
គុណភាពខ្យល់នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរទៅជារៀងរាល់ឆ្នាំ មុនពេលរដូវរងាមកដល់ ពេលដែលខ្យល់ត្រជាក់អាចទាក់ផ្សែងពុលចេញពីរថយន្ត ឧស្សាហកម្ម ទូលីសំណង់ និងការដុតកាក់សំណល់កសិកម្ម ៕