
យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារចំផ្ទះរបស់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅតំបន់ហ្កាហ្សា។
យោធាបានប្រាប់ថា ផ្ទះរបស់លោក Haniyeh ត្រូវបានប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធភេរវករ ហើយជាញឹកញាប់ តែងត្រូវបានយកធ្វើជាកន្លែងជួបប្រជុំគ្នា សម្រាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស ដើម្បីដឹកនាំការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF (កងកម្លាំងការពារអ៊ីស្រាអែល)។
កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះដែរ បានបញ្ចេញវីដេអូជាច្រើនដែលខ្លួនបាននិយាយថា បានបង្ហាញពីការវាយប្រហារលើលំនៅឋានរបស់លោក Haniyeh នៅតំបន់ហ្កាហ្សា។ នៅក្នុងវីដេអូមួយផ្សេងទៀត គេក៏បានឃើញផងដែរនូវការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែល ពីទីតាំងផ្សេងៗគ្នាជាច្រើន និងពីប្រតិបត្តិការនៅក្នុងតំបន់ ដែលត្រូវបានពិពណ៌នាថា ជាតំបន់ហ្កាហ្សា។
យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទ ដែលវីដេអូ ត្រូវបានថត ដោយឯករាជ្យនោះទេ៕