
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមន្រ្តីរុស្ស៊ី និងកូរ៉េខាងជើង បានចូលរួមកិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងដោយក្រុមមេដឹកនាំរបស់ពួកគេកាលពីខែកញ្ញា ។
KRT រាយការណ៍ ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងព្យុងយ៉ាងដឹកនាំដោយរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅកូរ៉េខាងជើងលោក Yun Jong Ho និងរដ្ឋមន្រ្តីធនធានធម្មជាតិរុស្ស៊ីលោក Alexander Kozlov ។
គួរឲ្យដឹងថា ប្រទេសទាំង ២ បានចុះហត្ថលេខាលើពិធីសារនៃជំនួប ប៉ុន្តែរឿងរ៉ាវលម្អិត ពុំត្រូវបានបញ្ចេញឲ្យដឹងនោះទេ ។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងកីឡាប្រទេសទាំង ២ មាននូវជំនួបផងដែរនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបានព្រមព្រៀងគ្នាលើផែនការសម្រាប់ការផ្លាស់ប្តូរនៅឆ្នាំ ២០២៤-២០២៦ ។
សូមបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដយលោក Kozlov បានមកដល់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ។ កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើការច្រានចោលថា ពួកគេពុំបានចូលរួមកិច្ចព្រមព្រៀងអាវុធណាមួយនោះឡើយ ៕