
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto មាននូវជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយអនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Alexander Fomin និងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ។
ជំនួបប្រចាំឆ្នាំរបស់ប្លុកនៅក្នុងតំបន់មួយនេះ បានកើតមាន ស្របពេលដែលជម្លោះបានឆាបឆេះឡើងនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយភាពតានតឹងកើនឡើងក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង ជាទីដែលចិនរងការចោទប្រកាន់ថា បានបំពានលើហ្វីលីពីនដែលមានការគាំទ្ររបស់សហរដ្ឋអាមេរិក និងព្យាយាមពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុន ។
ប្រទេសដៃគូផ្សេងទៀតដែលមិនមែនជាសមាជិកអាស៊ាន បានចូលរួមកិច្ចប្រជុំនេះដែរ រួមមានអូស្រ្តាលី ណូវែលសេឡង់ កូរ៉េខាងត្បូង និងចិន ស្របពេលដែលមីយ៉ាន់ម៉ា អវត្តមាន ។
ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ា ត្រូវបានគេហាមឃាត់ពីការចូលរួមជំនួបកម្រិតកំពូលរបស់អាស៊ានដែលមានសមាជិក ១០ប្រទេស ចាប់តាំងពីពួកគេរឹបអូសអំណាចកាលពីឆ្នាំ ២០២១ នៅក្នុងរដ្ឋប្រហារ ហើយនិងបង្កអំពើហិង្សាដ៏អមនុស្សធម៌លើពលរដ្ឋដែលក្រោកឈរប្រឆាំងនឹងការក្តោបក្តាប់អំណាចរបស់ពួកគេ ៕