
នៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅតំបន់ហ្គាហ្សាស្រ្ទីប បុគ្គលិកម្នាក់និយាយថា ពួកគេបានមើលឃើញកំណើនការសម្រាលកូនមិនទាន់គ្រប់ខែ និងការលូតកូនកាន់តែច្រើន ចាប់តាំងពីជម្លោះបានចាប់ផ្តើម ស្របពេលដែលស្រ្តីមានផ្ទៃពោះ ប្រឈមនឹងការថែទាំសុខភាពពិបាកខ្លាំង ភាពតានតឹងផ្លូវចិត្ត និងស្ថានភាពគ្មានអនាម័យ បន្ថែមពីលើគ្រោះថ្នាក់រាងកាយបង្កឡើងដោយសារសង្រ្គាម ។
នៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទិក្រុង Khan Younis ប្រធានផ្នែកសម្ភព និងមើលថែកូនក្មេងលោក Walid Abu Hatab និយាយថា មន្ទីរពេទ្យរបស់លោក អាចផ្តល់ការគាំទ្រមានដែនកំណត់ដល់ស្រ្តីមានផ្ទៃពោះ និងម្តាយទើបឆ្លងទន្លេរួច ដោយសារតែពួកយើងជួបកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងអ្នកជំងឺច្រើនលើសចំណុះ ។
ឈរជិតឧបករណ៍មានកម្តៅដាក់កូនកើតមុនខែដែលមានទារកទើបកើតថ្មីក្នុងផ្នែកសម្ភព លោក Abu Hatab និយាយថា បើសិនជាប្រេងឥន្ធនៈអស់ ហើយចរន្តអគ្គិសនីឈប់ដំណើរការ ផ្នែកទាំងអស់នៅក្នុងអង្គភាពថែទាំសុខភាព និងមើលថែកូនក្មេង នឹងក្លាយជាផ្នូរទ្រង់ទ្រាយធំ ។
អ្នកស្រី Samah Qeshta ដែលជាឆ្មបនៅក្នុងមន្ទីរពេទ្យតែមួយ និយាយថា សេវាកម្មនៅក្នុងមន្ទីរពេទ្យមួយនេះ ជួបការលំបាកយ៉ាងធ្ងន់ធ្ងរ ។
អ្នកស្រីថា ចំនួនអ្នកជំងឺចេះតែកើនឡើង ដោយសារតែចំនួនមនុស្សជម្លៀសខ្លួន បានកើនឡើងពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ៕