ប្រធានមន្ទីរពេទ្យដ៏ធំនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានទាហានអ៊ីស្រាអែលវាយឆ្មក់និយាយថា ពេលនេះកន្លែងនេះអស់អុកស៊ីសែន និងទឹកហើយ ហើយអ្នកជំងឺ កំពុងស្រែកដង្ហោយរកទឹក។
លោក មហាម៉ាដ អាប៊ូ សាល់មីយ៉ា (Muhammad Abu Salmiya) បាននិយាយថាស្ថានភាពទាំងនេះ គឺ ជាសោកនាដកម្ម នៅក្នុងមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al-Shifa) ដែលមានអ្នកជំងឺជាង ៦៥០ នាក់ បុគ្គលិកពេទ្យ ៥០០ នាក់និងមនុស្សដែលបានផ្លាស់ទីលំនៅចំនួន ៥.០០០ នាក់។

លោកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានឡោមព័ទ្ធជុំវិញមន្ទីរពេទ្យក្នុងទីក្រុង ហ្កាហ្សា ដោយយន្តយានដ្រូនបានបន្លឺសំឡេងពីលើ ហើយទាហានអ៊ីស្រាអែលនៅតែធ្វើសកម្មភាពជុំវិញខាងក្នុងមន្ទីរពេទ្យនេះ ខណៈសកម្មភាពតាមប្រម៉ាញ់ក្រុមហាម៉ាសរបស់ពួកគេបានអូសបន្លាយចូលដល់ថ្ងៃពីរ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស កំពុងដំណើរការក្នុង វិធីសាស្ត្រច្បាស់លាស់ និងហ្មត់ចត់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែតម្នាក់ដែលជាប់នៅក្នុងមន្ទីរពេទ្យ លោក Khader បានប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោក រ៉ាសឌី អាប៊ូ អាឡូហ្វ(Rushdi Abu Alouf)តាមទូរស័ព្ទថា ទាហានអ៊ីស្រាអែល នៅគ្រប់ទីកន្លែង បាញ់គ្រប់ទិសដៅ ។
យ៉ាងណា ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ណាមួយឡើយ។
ចាប់តាំងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយឆ្មក់ ទៅលើមន្ទីរពេទ្យ Al-Shifa កាលពីព្រឹកថ្ងៃពុធមក ពួកគេបានបញ្ចេញរូបថត និងវីដេអូជាច្រើន នៃអ្វីដែលពួកគេនិយាយថាជាអាវុធ និងឧបករណ៍របស់ក្រុមហាម៉ាស។
កាលពីថ្ងៃព្រហស្បតិ៍ ពួកគេបាននិយាយថាពួកគេបានរកឃើញ ផ្លូវរូងក្រោមដីប្រតិបត្តិការមួយ និងយានជំនិះដែលមានអាវុធមួយចំនួនធំ៕