ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ ពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរួមគ្នាប្រឆាំងដាច់ខាតនូវគោលការណ៍ទាំងឡាយណាដែលមានចរិកជ្រុលនិយម មិនថាគោលការណ៍ជ្រុលនិយមក្នុងសាសនា ឬគោលការណ៍ជ្រុលនិយមក្នុងនយោបាយនោះទេ គឺត្រូវតែលុបំបាត់ឱ្យអស់ចេញពីប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានបង្កើតឡើង ធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨ ដែលអាចឱ្យគ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរួចផុតពីការស្លាប់ស្លាប់។

សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងពេលដែលមានសង្គ្រាមគ្រប់សាសនាទាំងអស់ ត្រូវរងផលប៉ះពាល់ ដូច្នេះការបញ្ចប់សង្គ្រាមក៏បានស្រោចស្រង់ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាអាចប្រតិបត្តិសាសនារបស់ខ្លួនឡើងវិញលើគ្រប់សាសនាទាំងអស់ ស្របតាមសិទ្ធិសេរីភាពរបស់ខ្លួន។ ហើយការជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងវិស័យសាសនា ក៏ត្រូវបានធ្វើឡើងវិញទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់ររដ្ឋក្ដី។
សម្ដេចធិបតីថ្លែងថា៖«ការទាំងពីរ គឺកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់សហគមន៍នៅក្នុងការជួយទប់ស្កាត់ និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា លើការប្រកាន់គោលជំហរ រើសអើង ឬមួយគោលនយោបាយទស្សនជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឱ្យកើតមាន ហើយបើមានត្រូវលុបបំបាត់ឱ្យអស់ដើម្បីថែរក្សានូវសុខសន្ដិភាព និងសុខដុមរមនារបស់កម្ពុជា»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ដែលប្រកបដោយសច្ចៈធម៌ មេត្តាធម៌ និងការសង្រ្គោះដល់ខ្មែរដូចគ្នា ធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ ១៩៩៨ ហើយប្រទេសកម្ពុជាអាចកសាងប្រទេសឡើងវិញ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងជំនឿសាសនា ការអប់រំជាដើម។
សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នារក្សានូវសុខសន្ដិភាពរបស់កម្ពុជា និងរួមគ្នាលុបបំបាត់ និងប្រឆាំង ចំពោះគោលការណ៍ជ្រុលនិយមទាំងសាសនា និងនយោបាយ៕អត្ថបទ៖ វ៉ន ដារ៉ា






