អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។

ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការបណ្តុបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ថ្មីៗនេះ។
លោកថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តរយៈពេលខ្លីក្នុងការបង្កើនកម្លាំងជំនាញនៅក្នុងស្រុកនាពេលអនាគត ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាបានជាចាប់ផ្តើមកំណត់កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះឡើង » ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា នៅពេលដែលកម្ពុជាមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់នោះកម្លាំងពលកម្មនៅកម្ពុជាអាចឆ្លើយតបទៅនឹងតម្រូវការ ការវិនិយោគធំៗពីក្រៅប្រទេសចូលមកកម្ពុជា។ ហើយពលរដ្ឋកម្ពុជាអាចមានជំនាញមួយច្បាស់លាស់ មានការងារល្អ ប្រាក់ចំណូលសមរមនោះកម្ពុជានឹងរួចផុតបន្ទាត់ នៃភាពក្រីក្រនាពេលអនាគត៕


