អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញពីទីក្រុងតូចៗចំនួន៤នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ដោយបង្កើនក្ដីបារម្ភថាសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស អាចរីករាលដាលដល់តំបន់ដែលខ្លួនបានប្រាប់ប្រជាជនថាមានសុវត្ថិភាព។

នៅភាគខាងជើងតំបន់រងការឡោមទ័ពប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែមានវត្តមាននៅមន្ទីរពេទ្យដ៏ធំបំផុត Al Shifa របស់តំបន់ហ្កាហ្សា ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការរបស់ពួកគេចាប់តាំងពីមួយថ្ងៃមុន នៅពេលពួកគេបានចូលទៅក្នុងកន្លែងដែលបានបញ្ចប់ការឡោមព័ទ្ធអស់រយៈពេលជាច្រើនថ្ងៃ។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅមន្ទីរពេទ្យ Shifa បានទេ កាលីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបាត់ទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យនៅខាងក្នុងនោះតាំងពីថ្ងៃពុធមក។
ខិត្តប័ណ្ណជាច្រើនបានត្រូវបានជម្លាក់ពេញមួយយប់ពីយន្តហោះ បានប្រាប់ជនស៊ីវិលឱ្យចាកចេញពីទីក្រុងបានីស៊ូហៃឡា(Bani Shuhaila) ទីក្រុង គូហ្សា (Khuzaa) ទីក្រុង អាបាសាន ( Abassan) និងទីក្រុងការ៉ារ៉ា (Qarara )នៅជាយខាងកើតនៃទីក្រុងខាន់យូនីស(Khan Younis) ដែលជាទីក្រុងភាគខាងត្បូងដ៏សំខាន់។ ទីប្រជុំជននានាដែលជាកន្លែងប្រមូលផ្តុំមនុស្សជាង១០០.០០០នាក់ នៅក្នុងពេលពុំទាន់កើតសង្រ្គាម ឥឡូវនេះកំពុងផ្តល់ជម្រកដល់មនុស្សរាប់ម៉ឺននាក់ទៀតដែលបានភៀសខ្លួនចេញពីតំបន់ផ្សេងៗ។
អ៊ីស្រាអែលបានបញ្ជាឲ្យជម្លៀសតំបន់ភាគខាងជើងទាំងមូលនៃតំបន់ហ្កាហ្សារួចហើយ មុនបញ្ជូនកងកម្លាំងជើងគោករបស់ខ្លួនចូលទៅកាលពីចុងខែតុលា។ហ្វូងមនុស្សជម្លៀសខ្លួន វេចស្ពាយទ្រព្យសម្បត្តិមួយចំនួនបានធ្វើដំណើរទៅភាគខាងត្បូងជារៀងរាល់ថ្ងៃ ក្រោមក្រសែភ្នែករបស់ទាហានអ៊ីស្រាអែលក្នុងអំឡុងពេលផ្អាកការប្រយុទ្ធ រយៈពេល៦ម៉ោងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋចាកចេញ៕