ក្រុមអ្នកតវ៉ានៅទីក្រុងម៉ាឌ្រីដ បានប៉ះទង្គិចជាមួយនគរបាលបង្រ្កាបកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ ១៦ខែវិច្ឆិកា បន្ទាប់ពីគណបក្សសង្គមនិយមរបស់ប្រទេសអេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សចាន់ស៍(Junts) របស់ក្រុមផ្ដាច់ខ្លួនតំបន់កាតាឡាន់ សម្រាប់ការគាំទ្រពីរដ្ឋាភិបាលដែលរួមបញ្ចូលទាំងការលើកលែងទោសសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការទាមទារឯករាជ្យពុំបានជោគជ័យកាលពីឆ្នាំ២០១៧ របស់គណបក្សតំបន់ផ្ដាច់ខ្លួនកាតាឡាន់(Catalonia) ។

សភារបស់ប្រទេសអេស្ប៉ាញបានបោះឆ្នោតជ្រើសរើសលោកផេដ្រូសាន់ឆេស (Pedro Sanchez) ជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ចប់ភាពជាប់គាំងអូសបន្លាយជាយូរ បន្ទាប់ពីការបោះឆ្នោតសកល ដែលពុំបានរកឃើញអ្នកឈ្នះដាច់កាលពីខែកក្កដាកន្លងទៅ។

គណបក្សពលករសង្គមនិយមអេស្ប៉ាញ (PSOE) របស់លោក Sanchez បានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយគណបក្សក្នុងតំបន់មួយចំនួនដើម្បីទទួលបានការគាំទ្រពីបក្សទាំងនោះ ។
នោះរាប់បញ្ចូលទាំងច្បាប់លើកលែងទោសដ៏ចម្រូងចម្រាសដែលបានចុះបញ្ជីនៅក្នុងសភាកាលពីថ្ងៃចន្ទ ទី១៣ វិច្ឆិកា ដែលបានធ្វើឱ្យប្រជាពលរដ្ឋអេស្ប៉ាញជាច្រើនខឹងសម្បា និងបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសរហូតឈានដល់ផ្ទុះជាអំពើហិង្សា៕