ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) បានគូសបញ្ជាក់ពីការចោទប្រកាន់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលលោកបាននិយាយថាត្រូវការ «ការទទួលខុសត្រូវពេញលេញ»។

លោក Turk បាននិយាយថា «ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតនៃការរំលោភបំពានជាច្រើន និងយ៉ាងជ្រាលជ្រៅនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលអ្នកណាក៏ដោយដែលប្រព្រឹត្តអំពើទាំងនោះ ទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងការទទួលខុសត្រូវពេញលេញ»។

ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះមិនបានបញ្ចេញឈ្មោះថាជាអ៊ីស្រាអែល ឬក្រុមហាម៉ាសទេ ប៉ុន្តែលោកបាននិយាយបែបនេះបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនទៅកាន់មជ្ឈិមបូព៌ា ជាទីដែលលោកបានព្រមានថា ភាគីទាំងពីរកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ឲ្យបាត់ពីផែនដីជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ តុលា ដែលខ្លួននិយាយថាបានសម្លាប់មនុស្ស១.២០០នាក់ ភាគច្រើនជាជនស៊ីវិល។
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ការទម្លាក់គ្រាប់បែក និងការវាយលុកដោយឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ១១.៥០០នាក់ ភាគច្រើនជាជនស៊ីវិល និងរួមទាំងកុមាររាប់ពាន់នាក់៕