ការបាញ់ផ្លោងកាន់តែខ្លាំងក្លាឡើងនៅទូទាំងព្រំដែននៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ដោយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅកាន់ទីតាំងចំនួនប្រាំបីឆ្លងកាត់ព្រំដែន ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសងសឹកដោយការវាយប្រហារដោយកាំភ្លើងធំ។

នៅក្នុងសេចក្តីថ្លែងការណ៍ពេញមួយថ្ងៃ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនប្រាំបីនៅក្នុងអ៊ីស្រាអែល រួមទាំងក្រុមទាហានអ៊ីស្រាអែលមួយក្រុម បន្ទាយ និងប៉ុស្តិ៍យោធាផ្សេងទៀត។

ប្រភពសន្តិសុខលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយយានដ្រូន បានវាយប្រហារភូមិរាប់សិបនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារបន្ទាយ នៅក្នុងប្រទេសលីបង់ ដែលបានព្យាយាមបាញ់មីស៊ីលប្រឆាំងរថក្រោះ ឆ្ពោះទៅរកអ៊ីស្រាអែល និងកំពុងបាញ់កាំភ្លើងធំទៅកាន់គោលដៅផ្សេងទៀត ដោយបន្ថែមថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍ក្នុងការបាញ់ផ្លោងលើអ៊ីស្រាអែលទេ។
ប្រភពសន្តិសុខលីបង់បាននិយាយថា នោះជាថ្ងៃមួយក្នុងចំណោមថ្ងៃដែលមានអំពើហិង្សាបំផុតនៅទីនោះ ចាប់តាំងពីក្រុមហេសបូឡា បានចាប់ផ្តើមការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះនៃសង្គ្រាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មក៕