ក្រុមអ្នកគាំទ្រប៊ុលហ្ការី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយនគរបាលនៅក្នុងទីក្រុងស៊ូហ្វីយ៉ា (Sofia) កាលពីថ្ងៃព្រហស្បតិ៍១៦វិច្ឆិកា មុនការប្រកួតរបស់ប្រទេសពួកគេ ជាមួយក្រុមបាល់ទាត់ហុងគ្រី ក្នុងវគ្គ ជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤។

កងកម្លាំងនគរបាលកងអនុសេនាធំបង្ក្រាបកុបកម្ម បានប្រឈមជាមួយក្រុមអ្នកតវ៉ាគាំទ្រ ដែលបានគប់វត្ថុផ្សេងៗ លើនគរបាល ដោយជំរុញឲ្យកងកម្លាំងឆ្លើយតបដោយការប្រើប្រាស់ម្ស៉ៅម្រេច និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមនេះ។

ក្រុមអ្នកគាំទ្រនៃក្លឹបផ្សេងៗគ្នា បានប្រមូលផ្ដុំតវ៉ាចំពោះគណៈកម្មការប្រតិបត្តិបាត់ទាត់របស់ប្រទេសនេះ ដោយអំពាវនាវឲ្យពួកគេលាលែងពីតំណែង ស្របពេលជួបប្រទះបញ្ហាដ៏ធំក្នុងយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ២០២៤ សម្រាប់ប្រទេស ប៊ុលហ្ការី ។
ដោយឈរនៅបាតតារាងក្នុងពូល G ប៊ុលហ្ការី បានធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់នេះ ដែល អាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ៕