រដ្ឋបាលលោកបៃដិន បានរៀបចំដើម្បីដកហូតអាជ្ញាប័ណ្ណទាំងអស់ ដែលទើបតែផ្តល់ឲ្យវ៉េណេហ្ស៊ុយអេឡា ប្រសិនបើលោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) មិនបង្ហាញផ្លូវឆ្ពោះទៅរកការបោះឆ្នោតដោយយុត្តិធម៌ នៅចុងខែវិច្ឆិកា។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលលោកខាងលិច លោក Brian Nichols បាននិយាយថា «អ្វីគ្រប់យ៉ាង គឺនៅលើតុ» រួមទាំងការដកហូតអាជ្ញាប័ណ្ណដែលបានចេញថ្មីៗនេះដែលអនុញ្ញាតឲ្យមានការនាំចេញប្រេង និងឧស្ម័នវ៉េណេហ្ស៊ុយអេឡា។

កាយវិការនៃសុច្ឆន្ទៈ បានធ្វើឡើងជាការឆ្លើយតបទៅនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនទីបង្ហាញផ្លូវបោះឆ្នោតរវាងរដ្ឋាភិបាលលោកម៉ាឌូរ៉ូ និងក្រុមប្រឆាំង។
លោក Nichols បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា៖«ប្រសិនបើពួកគេ មិនចាត់វិធានការដែលបានព្រមព្រៀងទេ យើងនឹងដកអាជ្ញាប័ណ្ណដែលយើងបានផ្តល់ឲ្យនោះ» ។
ក្នុងចំណោមជំហានដែលបានព្រមព្រៀងគ្នា គឺកំណត់ដំណើរការមួយ ដើម្បីអនុញ្ញាតឲ្យបេក្ខជនបក្សប្រឆាំងទាំងអស់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ អ្នកឈ្នះនៃការបោះឆ្នោតបឋមនៅថ្ងៃទី ២២ ខែតុលារបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាគឺ លោកស្រី María Corina Machado នៅតែត្រូវបានហាមឃាត់មិនឲ្យចូលរួម ដោយរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។