រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សុបៀនតូ (Prabowo Subianto) បាននិយាយថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានជំរុញឱ្យបញ្ឈប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងឱ្យប្រទេសមានឥទ្ធិពលប្រើប្រាស់អំណាចរបស់ពួកគេដើម្បីការពារជនស៊ីវិល។

បណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្លុកក្នុងតំបន់ ក្រៅពីមីយ៉ាន់ម៉ា បានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរយៈពេលពីរថ្ងៃ។
លោក Prabowo ដែលជាប្រធានកិច្ចប្រជុំខណៈឥណ្ឌូនេស៊ី ជាប្រធានប្តូរវេននៃអាស៊ាននៅឆ្នាំនេះ បាននិយាយថា រដ្ឋមន្ត្រីជាច្រើនបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា ហើយបានលើកទឹកចិត្តបណ្ដាប្រទេសមានអំណាចឱ្យធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់អំពើហិង្សានៅទីនោះភ្លាមៗ។

សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំស្តីអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា បានចេញផ្សាយជាសាធារណៈនៅពេលល្ងាចក្នុងថ្ងៃនោះ ដោយបាននិយាយថា មានតម្រូវការចាំបាច់មួយសម្រាប់ការសន្ទនាក្នុងន័យស្ថាបនាដើម្បីចាប់ផ្តើមដោយមិនបង្អង់យូរ ដោយលើកឡើងពីស្ថានភាពនៅហ្កាហ្សា។
ទោះបីជាអវត្តមានមីយ៉ាន់ម៉ាក៏ដោយ លោក Prabowo បាននិយាយថា ប្លុកក្នុងតំបន់នៅតែបន្តលើកទឹកចិត្តរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឱ្យស្វែងរកដំណោះស្រាយអហិង្សា។ លោកបានបន្ថែមថា ពួកគេក៏បានបន្តពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារត្រួតស៊ីគ្នាជាមួយចិនផងដែរ៕