ព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានសម្រេចផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ជាពិសេសបងប្អូនប្រជានេសាទទៅតាមបណ្ដាកោះនានា ដោយសារបញ្ហាអាកាសធាតុ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ថ្លែងថា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ការប្រកាសឱ្យផ្អាកធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកសមុទ្រ មានខ្យល់បក់បោកខ្លាំង។
ឯកឧត្តមថ្លែងថា៖«បញ្ហាអាកាសធាតុ ខ្យល់ខ្លាំងរលកធំៗ អាចនឹងបង្កឱ្យមានហានិភ័យ ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំស្នើឱ្យមានការផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ទាំងទេសចរណ៍ ទាំងដឹកជញ្ជូន និងប្រជានេសាទដូច្នេះសូមឱ្យសមត្ថកិច្ចផ្សព្វផ្សាយឱ្យបានទូលំទូលាយ»។
សូមជម្រាបថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅតំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៦-៨ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមា ១៩-២០°C។
ចំណែកឯតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០-២,០០ម៉ែត្រ៕

