ទោចក្រយាន៖ កីឡាករជម្រើសជាតិកីឡាទោចក្រយាន ៣រូប និងគ្រូបង្វឹកម្នាក់នឹងត្រូវចេញដំណើរទៅហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំងនាថ្ងៃទី១២ ខែមិថុនាស្អែកនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងប្រាប់ក្រុមការងារ BTV-News ថា ការបញ្ជូនកីឡាករជម្រើសជាតិ ៣រូបទៅហ្វឹកហាត់នៅប្រទេសបារាំងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធ ជាមួយសមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយនៅប្រទេសបារាំង។ តាមរយៈការចេញទៅបោះជំរំហ្វឹកហាត់លើកដំបូងនៅតំបន់អឺរ៉ុបនេះ លោក នូ ចំរើន រំពឹងថា កីឡាករកម្ពុជានឹងអាចអភិវឌ្ឍសមត្ថភាពបានរីកចម្រើន ដ្បិតក្រៅពីការហ្វឹកហាត់ក៏នឹងមានការប្រកួតប្រជែងនៅទីនោះផងដែរ។ ដូច្នេះគួបផ្សំជាមួយការខិតខំប្រឹង និងការប្ដេជ្ញារបស់កីឡាករម្នាក់ៗផង លោកសង្ឃឹមថា ពេលត្រឡប់មកវិញពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងស៊ីហ្គេមនៅវៀតណាម ក៏ដូចជាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ចំពោះបេសកកម្មហ្វឹកហាត់ក្រៅស្រុក របស់ក្រុមជម្រើសជាតិកីឡាទោចក្រយាននេះគឺដឹកនាំដោយគ្រូបង្វឹកលោក ខ្លូត ករណី និងកីឡាករ ៣រូបរួមមានកីឡាករ គឹម ចាន់ធូ, កីឡាករ សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ហើយមុនចេញដំណើរទាំងគ្រូបង្វឹក និងកីឡាករទាំងអស់ក៏ទទួលបានការលើកទឹកចិត្ត និងជួយជ្រោមជ្រែងពីឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ៕

អត្ថបទ៖ លី ឈុនឡា