អាជ្ញាធរជាតិអប្សរា បានកែសម្រួលផ្លូវ និងលូ តាមបណ្ដោយវិថីព្រះនរោត្ដមសីហមុនី អតីតផ្លូវកូម៉ៃ ក្នុងតំបន់អង្គរជាបណ្ដោះអាសន្ន ក្រោយទឹកហូរច្រោះដាច់ប្រវែងជាង៣ម៉ែត្រ ស្ថិតនៅខាងត្បូងកសិណអង្គរ កាលពីល្ងាចថ្ងៃទី១៦វិច្ឆិកាម្សិលមិញ។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងតាំងពីសម័យបារាំង ដែលមកដល់ពេលនេះ មានអាយុកាលជាច្រើឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកចាស់ទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវ ប្រវែងប្រមាណបីម៉ែត្រ។
លោកបានបញ្ជាក់ថា ក្រោយពីផ្លូវដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានទប់ស្កាត់មិនឱ្យ ទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងបារាយណ៍ និងមិនឱ្យទឹកហូរសង្កត់ស្រូវប្រជាពលរដ្ឋ នៅក្នុងបារាយណ៍ផង។
លោកបន្ដថា ក្រុមការងារកំពុងជួសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញកន្លែងបាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះមានគម្រោងធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។

សូមបញ្ជាក់ថា ផ្លូវកូម៉ៃ ត្រូវបានប្ដូរឈ្មោះ ជាវិថីព្រះនរោត្ដមសីហមុនី ក្នុងអំឡុងពេលការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែក្នុងក្រុងសៀមរាបកន្លងមក។ វិថីនេះ តភ្ជាប់ពីវិថីស៊ីវុត្ថា ត្រង់ចំណុចភ្លើងស្តុប អតីតពហុកីឡដ្ឋានខេត្ដសៀមរាប ក្រុងសៀមរាប ឆ្ពោះទៅដល់ចំណុចកសិណទឹកអង្គរវត្ដពីខាងត្បូង ៕






