នៅប៉ុន្មានថ្ងៃនេះ កម្មករនៅទីក្រុងញ៉ូវដេលី បានមកដល់កន្លែងធ្វើការជាធម្មតា។ ប៉ុន្តែ ពួកគេគ្មានការងារធ្វើនោះទេ ខណៈរដ្ឋាភិបាលស្វែងរកដំណោះស្រាយចំពោះផ្សែងអ័ព្ទពុលដែលកំពុងវាយប្រហាររដ្ឋធានីរបស់ប្រទេសឥណ្ឌា។ ដើម្បីទប់ទល់នឹងបញ្ហានេះ ទីក្រុង បានហាមឃាត់រាល់ការសាងសង់សំណង់ បញ្ជូនសិស្សពីសាលារៀនទៅផ្ទះវិញ និងកំពុងរារាំងរថយន្តមិនឱ្យចូលមកទីក្រុង។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងញ៉ូវដេលី បានជាប់ចំណាត់ថ្នាក់កំពូលជាទីក្រុងមានកង្វក់ខ្យល់ខ្លាំងបំផុតរបស់ពិភពលោក នេះបើយោងតាមក្រុមអង្គការប្រទេសស្វីស IQAir ដែលបានចាត់ថ្នាក់គុណភាពខ្យល់ថា «មានគ្រោះថ្នាក់»។ ស្រទាប់ក្រាស់នៃផ្សែងអ័ព្ទពុល គឺជាការកើតឡើងរាល់ឆ្នាំនៅក្នុងទីក្រុងនេះ ទោះបីជារដ្ឋាភិបាលបានសន្យាថានឹងដោះស្រាយបញ្ហាបែបនេះក៏ដោយ។

បម្រាមលើការសាងសង់ បានដាក់ទុក្ខលំបាកដល់កម្មកររាប់ពាន់នាក់។ បុរសម្នាក់និយាយថា យើងត្រូវតែបន្តធ្វើអ្វីមួយផ្សេងទៀត ដើម្បីចិញ្ចឹមខ្លួនយើង និងកូនៗរបស់យើង ព្រោះលោកជាអ្នកផ្គត់ផ្គង់តែម្នាក់ឯងគត់សម្រាប់គ្រួសារ។ មន្ត្រីនាយកដ្ឋានឧតុនិយម បាននិយាយថា ផ្នែកមួយនៃបញ្ហាគឺសន្ទុះខ្យល់ដែលនាំមកនូវផ្សែងពាសពេញទីក្រុងពីការដុតសំណល់នៅកសិដ្ឋាន នៅវាលស្រែចំការក្បែរនោះ។
តុលាការកំពូល បានសេចក្តីបង្គាប់ឱ្យហាមឃាត់ការដុតសំណល់ដំណាំ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និយាយថា កសិករកំពុងប្រឆាំងនឹងសេចក្តីបង្គាប់នេះ។ ទាំងនេះគឺជាកាណុងបាញ់ទឹកប្រឆាំងផ្សែងអ័ព្ទ ដែលកំពុងត្រូវបានដាក់ពង្រាយក្នុងបំណងដោះស្រាយបញ្ហាធូលី ដោយបាញ់ទឹកនៅពាសពេញទីក្រុង។ អ្នកវិទ្យាសាស្ត្រដែលដឹកនាំការសាកល្បង ដើម្បីបណ្តុះពពកផលិតទឹកភ្លៀង បានប្រាប់សារព័ត៌មាន Reuters ថា ផែនការត្រូវបានកំណត់ពេលឡើងវិញដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ជារៀងរាល់រដូវរងា គុណភាពខ្យល់ កាន់តែអាក្រក់នៅភាគខាងជើងប្រទេសឥណ្ឌា។