ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាថា លោកជឿថាមានការប៉ុនប៉ងដោយចេតនាដើម្បី «ដាក់សម្ពាធ» ការងារមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដោយព្រមានថាទីភ្នាក់ងារនេះប្រហែលជាត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនទាំងស្រុងដោយសារតែខ្វះប្រេងឥន្ធនៈ។ ទីភ្នាក់ងារដែលគាំទ្រជនភៀសខ្លួនជាង ៨០០.០០០នាក់នៅតំបន់ហ្កាហ្សាហ៊ុមព័ទ្ធដោយអ៊ីស្រាអែលបាននិយាយថា សេវាជាច្រើនត្រូវបានបិទរួមទាំងអណ្តូងទឹករាប់សិបអណ្តូង រោងចក្រផលិតទឹកចំនួនពីរកន្លែង និងស្ថានីយ៍បូមលូ។

អគ្គស្នងការទីភ្នាក់ងារការងារនិងផ្តល់ជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិ(UNRWA) លោក Philippe Lazzarini បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា អង្គការបានស្នើសុំរយៈពេលជាច្រើនសប្តាហ៍មកហើយសម្រាប់ដំណើរការដើម្បីទទួលបានប្រេងឥន្ធនៈ ដែលកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ប្រេងត្រូវបានគេដឹកចូលទៅក្នុងហ្កាហ្សាជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។

លោក Lazzarini និយាយថា ប្រេងឥន្ធនៈនោះ មានប្រេងម៉ាស៊ូត ២៤.០០០លីត្រ សម្រាប់រថយន្តចែកចាយជំនួយរបស់អង្គការសហប្រជាជាតិ គឺពុំនៅជិតអ្វីដែលពលរដ្ឋតំបន់ហ្កាហ្សាត្រូវការដើម្បីរស់រានមានជីវិតនោះទេ។ អ៊ីស្រាអែល បដិសេធការនាំចូលប្រេង ដោយនិយាយថា វាអាចត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាសក្នុងគោលបំណងយោធា។
លោក Lazzarini បានព្រមានថា បើគ្មានប្រេងឥន្ធនៈទេ ការស្លាប់របស់ជនស៊ីវិលដែលមិនជាប់ទាក់ទងដោយផ្ទាល់ទៅនឹងយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស សម្រាប់ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា គឺជៀសមិនរួចនោះទេ។
ក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗនៅតំបន់ហ្កាហ្សា មានក្រុមហ៊ុន Paltel និង Jawwal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាកម្មទូរគមនាគមន៍ទាំងអស់នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន គ្មានសេវាកម្ម ដោយសារតែប្រភពផ្តល់ថាមពលទាំងអស់បានបាត់បង់។