ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានផ្តល់នូវសព្វាវុធ ការពារអាកាសបន្ថែមទៀតដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពនូវវិស័យការពារជាតិកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទាំងយុទ្ធោបករណ៍ និងធនធានមនុស្ស។
យោងតាមខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការរៀបចំ កសាងផែនការការគ្រប់គ្រងប្រព័ន្ធសព្វាវុធការពារអាកាស នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា ខណៈដែលរដ្ឋាភិបាលចិនបន្តផ្តល់នូវសព្វាវុធការពារអាកាសបន្ថែមដល់កម្ពុជានោះ កងទ័ពនៅក្នុងអង្គភាពទាំងអស់ត្រូវតែខិតខំហ្វឹកហ្វឺនជំនាញបន្ថែមក្នុងការប្រើប្រាស់នូវបច្ចេកទេសថ្មី ទាំងនោះ។
នៅក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការគ្រប់គ្រង ការថែទាំបច្ចេកទេសសម្ភារៈគ្រឿងបំពាក់ប្រព័ន្ធការពារអាកាសដែលបម្រើឲ្យវិស័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទាំងគ្រឿងបំពាក់ចាស់ និងថ្មីវាជាការចាំបាច់បំផុត ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវតែខិតខំបន្ថែមទៀតនូវការប្រើប្រាស់វា និងថែទាំវាឲ្យបានល្អយូរអង្វែងនោះ។
សម្តេចពិជ័យសេនាទៀ បាញ់ បានថ្លែងទៀតថា សម្ភារៈដែលជាជំនួយរបស់ប្រទេសជាមិត្តផ្តល់ ជូនដល់កងយោធពលខេមរភូមិន្ទនេះ ត្រូវរៀបចំទីតាំងដាក់វាឲ្យបានល្អ ដើម្បីបំរើឲ្យកិច្ចការការពារអធិបតេយ្យ បូរណភាពទឹកដី ដែនទឹក ដែនកោះ នៃព្រះរាជាណាចក្រកម្ពុជា ទៅថ្ងៃអនាគតអោយបានគង់វង្ស។
ក្រៅពីការពិភាក្សាការងាររៀបចំកសាងផែនការការគ្រប់គ្រងប្រព័ន្ធសព្វាវុធការពារអាកាស សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការពិភាក្សាអំពីការងារហ្វឹកហ្វឺនជំនាញការពារអាកាស ទាំងការបញ្ជូនសិក្ខាកាមទៅសិក្សា នៅក្រៅប្រទេស និង ការហ្វឹកហ្វឺនក្នុងប្រទេស ដោយផ្តោតទៅលើការបណ្តុះបណ្តាលគ្រូយោធាចារ្យជំនាញការពារអាកាស ដើម្បីបន្តហ្វឹកហ្វឺនជំនាញការពារអាកាស ដល់ យោធិនកម្ពុជា បន្តទៅថ្ងៃខាងមុខមុខផងដែរ។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះជំនាញការពារអាកាស ដែល កងយោធពលខេមរភូមិន្ទ បានខិតខំបំពេញភារកិច្ចកន្លងមកជូនប្រទេសជាតិ ហើយតាមរយៈកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តជំរុញឲ្យអង្គភាពជំនាញ និង បណ្តាអង្គភាពមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនជំនាញ និង បច្ចេកទេស បន្តទៀតខណៈសម្ភារៈថ្មីដែលប្រទេសជាមិត្តបានផ្តល់ឲ្យកម្ពុជាមកជាបន្តបន្ទាប់នោះ។
ជាងនេះទៅទៀតសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឲ្យកងទ័ពទាំងអស់បន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ការគ្រប់គ្រង រៀបចំទុកដាក់នូវរាល់សម្ភារៈ គ្រឿងបំពាក់ទាំងនេះ ដោយត្រូវ ធ្វើការគ្រប់គ្រង ថែរក្សា អោយបានគង់វង្ស ដើម្បីបំរើអោយវិស័យការពារជាតិកម្ពុជាកាន់តែល្អប្រសើបន្ថែមទៀតនោះ៕
អត្ថបទ ៖ បាន ចក់



