ក្រុមគ្រូពេទ្យបឋមសង្គ្រោះប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថាពួកគេកាន់តែភ័យខ្លាចចំពោះជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ដែលត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ទៅកាន់ពិភពខាងក្រៅអស់រយៈពេលជាងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្រុកចូលក្នុងនោះ។

អ៊ីស្រាអែលបាននិយាយថា កងកុម្មង់ដូរបស់ខ្លួននៅតែកំពុងប្រតិបត្តិការស្វែងរកទូទាំងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) កាលពីថ្ងៃព្រហស្បតិ៍ ច្រើនជាងមួយថ្ងៃបន្ទាប់ពីពួកគេបានវាយឆ្មក់ចូលមន្ទីរពេទ្យនោះ ដែលជាផ្នែកមួយនៃការវាយលុករបស់អ៊ីស្រាអែល ក្នុងគោលបំណងដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ន្ធប៉ាឡេស្ទីនមួយនេះ។

នាយកមន្ទីរពេទ្យ អាល់ស៊ីហ្វា លោក ម៉ូហាមេដ អាបុ សាឡាមីយ៉ា (Muhammad Abu Salamiya) បាននិយាយថា មន្ទីរពេទ្យនេះ «ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធរអស់រយៈពេល ៤៨ម៉ោង មកហើយ ហើយរៀងរាល់នាទីនឹងមានអ្នកជំងឺកាន់តែច្រើនត្រូវស្លាប់»។
ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា ទាហានអ៊ីស្រាអែលបានយកសាកសពចេញពីបរិវេណមន្ទីរពេទ្យ និងបំផ្លាញរថយន្តដែលចតនៅទីនោះ ប៉ុន្តែពួកគេមិនបានអនុញ្ញាតឱ្យបុគ្គលិក ឬអ្នកជំងឺចាកចេញឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយថា មិនមានទឹក អាហារ ឬទឹកដោះគោសម្រាប់ទារកនៅក្នុងមន្ទីរពេទ្យ ស៊ីហ្វា ដែលផ្ទុកដោយអ្នកជំងឺ ៦៥០នាក់ និងមនុស្សប្រហែល ៧.០០០នាក់ ដែលបានបានផ្លាស់ទីលំនៅដោយការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ជាច្រើនសប្តាហ៍នេះនោះទេ៕