
ខ្យល់ព្យុះដ៏កាចសាហាវមួយបានបោកបក់ដោយកម្លាំងខ្យល់ព្យុះសង្ឃរា បានធ្វើឱ្យមានភ្លៀងធ្លាក់កម្ពស់ជាង ៣០,៥សង់ទីម៉ែត្រ លើផ្នែកខ្លះនៃភាគខាងត្បូងរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ដោយបានជន់លិចផ្ទះ និងផ្លូវថ្នល់ ដាច់ខ្សែភ្លើង និងដើមឈើ ព្រមទាំងបានកាត់ផ្ដាច់អគ្គិសនីដល់លំនៅឋានរាប់ម៉ឺនខ្នង និងអាជីវកម្មជាច្រើន។
សេវាជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) នេះបានបង្កឲ្យមានភ្លៀងធ្លាក់ស្ទើរតែកម្រិត ១៤អ៊ីញ ចាប់ពីតំបន់ Key Largo ទៅកាន់តំបន់ Fort Lauderdale ខណៈដែលខ្យល់បក់បោកក្នុងល្បឿនជាង ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមគេហទំព័រតាមដានអគ្គិសនីសហរដ្ឋអាមេរិក បានឱ្យដឹងថា លំនៅឋាន និងអាជីវកម្មជាង ៨៦.០០០កន្លែង នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅទូទាំងតំបន់ Miami-Dade តំបន់ Broward និងតំបន់ Palm Beach ខណៈដែលព្យុះបានវាយប្រហារភាគខាងជើង។ ចំនួននៃការដាច់ចរន្តអគ្គិសនី បានកើនឡើងដល់ជាង ១០០.០០០ករណីកាលពីល្ងាចថ្ងៃពុធ៕