
សហរដ្ឋអាមេរិក និងហ្វីលីពីន នៅថ្ងៃសុក្រ (១៧ វិច្ឆិកា) នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន នាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ និងសម្ភារៈទៅកាន់ទីក្រុងម៉ានីល ដែលកំពុងស្វែងរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីបំបែកសារធាតុកាបូន និងជំរុញឯករាជ្យភាពថាមពល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងពិធីចុះហត្ថលេខាមួយនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា «សហរដ្ឋអាមេរិក នឹងអាចចែករំលែកឧបករណ៍ និងសម្ភារៈជាមួយប្រទេសហ្វីលីពីន នៅពេលដែលពួកគេធ្វើការដើម្បីបង្កើតរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរស៊ីវិលដទៃទៀត»។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយនៅក្នុងសុន្ទរកថាមួយថា «យើងមើលឃើញថាថាមពលនុយក្លេអ៊ែរ ក្លាយជាផ្នែកនៃល្បាយថាមពលរបស់ប្រទេសហ្វីលីពីន នៅឆ្នាំ២០៣២ ហើយយើងរីករាយជាងក្នុងការបន្តផ្លូវនេះជាមួយសហរដ្ឋអាមេរិក។ ថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយដែលយើងអាចបង្ហាញពីសម្ព័ន្ធភាព និងភាពជាដៃគូរបស់ហ្វីលីពីន-អាមេរិក ពិតជាដំណើរការ»។
ហ្វីលីពីន ចង់ទាញយកថាមពលនុយក្លេអ៊ែរជាប្រភពជំនួសដែលអាចផ្ទុកថាមពលបាន ខណៈដែលខ្លួនព្យាយាមបញ្ឈប់ដំណើរការពីរោងចក្រធ្យូងថ្ម ដើម្បីជួយបំពេញគោលដៅអាកាសធាតុ និងជំរុញសន្តិសុខថាមពល។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ងាយរងគ្រោះដោយសារតម្លៃប្រេងពិភពលោកដែលប្រែប្រួល ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ជាដើម៕