នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ឧត្តមភរិយា បានចាត់អោយលោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបចុះជួបសំណេះសំណាលជាមួយកីឡាករចំណុះទូក និងគណៈកម្មការទូក ដែលមានឈ្មោះថា ទូក-ង ទ្រីភាពសែនជ័យ បាមីតេជោ ដែលស្ថិតក្នុង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីជាការលើកទឹកចិត្តដល់កីឡាករក្នុងការហាត់សម មុននឹងចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ខាងមុខនេះ។
ក្នុងឱកាសចុះមកជួបសំណេះសំណាលជាមួយកីឡាករចំណុះទូក និងគណៈកម្មការទូក លោក ឃៀង សុជីវ័ន្ត តំណាងអ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកា ២០លានរៀល សម្រាប់ផ្គត់ផ្គង់លើការចំណាយផ្សេងៗ ពេលហាត់សមទូក និងត្រៀមសម្រាប់ការធ្វើដំណើរទៅចូលរួមប្រកួត ព្រមទាំង អង្ករចំនួន ៥តោន, មីជាតិ ១០០កេស, ត្រីខ ១០០ យួរ ព្រមទាំងទឹកសុទ្ធជាច្រើនរយកេស និងសម្លៀកបំពាក់សម្រាប់ការហាត់សម និងចូលរួមប្រកួត។
ដើម្បីឆ្លើយតបចំពោះការគិតគូរ និងយកចិត្តទុកដាក់ពី អ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក្នុងឱកាសនេះដែរ កីឡាករចំណុះទូក និងគណៈកម្មការទូក បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមប្រកួត ដើម្បីដណ្ដើមជ័យជំនះសម្រាប់អ្នកឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ម្យ៉ាងដើម្បីលើកមុខមាត់ភូមិស្រុកផង ព្រោះចាប់តាំងពីឆ្នាំ២០០៨ មក ទូក-ង ទ្រីភាពសែនជ័យ បាមីតេជោ ដែលស្ថិតក្នុងវត្តសូរភី នេះ ប្រកួត បានចំនួន ១៧ដង ចាញ់៤ដង ឈ្នះ ១៣ដង៕