
យោងតាមការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំរបស់ប្រទេស គឺលោក Yoon Suk Yeol បានជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា មេដឹកនាំទាំងនោះ បានថតរូបជុំគ្នា មុនពេលចាកចេញដោយមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ នៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជំនួបខ្លីនេះធ្វើឡើង ក្នុងរយៈពេល ៣ខែបន្ទាប់ពីមេដឹកនាំទាំង៣ បានជួបគ្នាម្ដងរួចហើយនៅឯកន្លែងសម្រាក Camp David របស់ប្រធានាធិបតីអាមេរិក កាលពីខែសីហាដើម្បីពិភាក្សាគ្នា។
យ៉ាងណាក្ដី បើយោងការិយាល័យរបស់លោក Yoon បានឲ្យដឹងទៀតថា លោក Yoon និងលោក Kishida បានសន្យាថា នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយនៅថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) នេះ។
លោក Yoon ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថា៖ «ឆ្នាំនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី កំពុងកាន់តែស៊ីជម្រៅជាមួយនឹងការធ្វើឲ្យមានការផ្លាស់ប្តូរឡើងវិញ នៅកម្រិតនីមួយៗ ក្នុងនោះរួមទាំងនៅកម្រិតកិច្ចប្រជុំកំពូល និងការស្ដារឡើងវិញនូវស្ថាប័នពិគ្រោះយោបល់ រវាងរដ្ឋាភិបាលរបស់ពួកយើង»។
ចំណែកមេដឹកនាំជប៉ុន លោក Kishida បាននិយាយថា លោកសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការធានាសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ តែមេដឹកនាំអាមេរិក លោក Biden ហាក់មិនបាននិយាយអ្វីនោះឡើយពាក់ព័ន្ធនឹងជំនួបត្រីភាគីរយៈពេលខ្លីនេះ៕