
ក្រុមសកម្មជនមួយចំនួនតូច បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) នៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អំឡុងពេលជួបជុំធ្វើការអំពាវនាវនោះ សកម្មជនដែលមានគ្នាប្រហែល ៣០នាក់ បានដាក់បង្ហាញស្បែកជើងចំនួន ២.០០០គូ ដើម្បីជានិមិត្តរូបឲ្យជនរងគ្រោះប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមដែលកំពុងតែបន្តឆាបឆេះឥតថមថយ។ សកម្មជនទាំងនោះបានលើកបដាអំពាវនាវឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា ហើយបានស្រែកថា «ចូរផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន»។
ជនស៊ីវិលប៉ាឡេស្ទីនបានទទួលរងនូវផលប៉ះពាល់ពីយុទ្ធនាការយោធារយៈពេលជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល ដែលជាការធ្វើឡើង ដើម្បីសងសឹកជាមួយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ហើយអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិ ចាត់ទុកថា គួរឲ្យទុកចិត្តបាន និយាយថា យ៉ាងហោចណាស់មនុស្ស ១១.៥០០នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ពីការទម្លាក់គ្រាប់បែក និងការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល ដោយក្នុងចំណោមនោះច្រើនជាង ៤.៧០០នាក់ គឺជាកុមារ៕