យោធាអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ហើយនិងរថយន្តផ្ទុកអាវុធនៅបរិវេនមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងតំបន់ហ្គាហ្សា ។
យោធាអ៊ីស្រាអែល និយាយថា នៅមន្ទីរពេទ្យ Al Shifa កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)បានរកឃើញផ្លូវរូងក្រោមដី និងរថយន្តមួយគ្រឿងមានអាវុធដ៏ច្រើន ។
ទាហានគ្មានអត្តសញ្ញាណមួយរូប និយាយថា ទាំងអស់នេះគឺជាអាវុធដែលក្រុមជីវពលហាម៉ាស់ប្រើប្រាស់សម្រាប់ការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។
លោកបន្តថា ក្រោយពីបំផ្លាញផ្លូវរូងក្រោមដី ពួកយើងបានរកឃើញរថយន្តមានអាវុធនៅកន្លែងតែមួយ ។ ដូចដែលអ្នកមើលឃើញហើយ អគារតូចមួយខ្នងនោះគឺជាអគារកាតាដែលស្ថិតនៅក្នុងបរិវេនមន្ទីរពេទ្យ Al Shifa ។
យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប និងរូបភាពសន្លឹករបស់ផ្លូវរូងក្រោមដី និងអាវុធ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូពីអគារនៅក្បែរនោះ ដែលផ្គូរផ្គងជាមួយរូបភាពដែលធ្លាប់ថតបាននៅទីនោះ ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវលើកាលបរិច្ឆេតនៃការថតវីដេអូបាននោះឡើយ ៕