ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់តំណាងរោងចក្រផលិតសម្ភារៈបរិក្ខារ ការពារ Covid-19 បង្កើនការផលិតសម្ភារៈឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ ឲ្យគ្រប់តម្រូវការទីផ្សារ ខណៈដែលមេរោគនេះ នៅគំរាមកំហែងពិភពលោកនៅឡើយ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia នៅថ្ងៃទី ១៦ ខែ តុលា ម្សិលមិញថា ក្រុមហ៊ុនរោងចក្រ MEDTECS ជាក្រុមហ៊ុនវិនិយោគទទួលបានជោគ ជ័យមួយនៅកម្ពុជា មានរយៈពេល ២១ ឆ្នាំមកហើយ ក្នុងនោះ ក្រុមហ៊ុនក៏បានរួមចំណែកនៅក្នុងសេដ្ឋកិច្ច ទីផ្សារការងារ និងការទទួលខុសត្រូវនៅក្នុងសង្គមកម្ពុជាផងដែរ, ជាក់ស្តែងការចូលរួមឧបត្ថម្ភសម្ភារៈបរិក្ខារការពារ Covid-19 គឺជាកាយចវិការបង្ហាញនូវទឹកចិត្តដ៏ប្រពៃ ខណៈដែលកម្ពុជាកំពុងជួបប្រទះ។
ពាក់ព័ន្ធរោគរាតត្បាតនៃជំងឺកូវីដ–១៩ នេះ, ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់លោក Clement Yang ប្រធានក្រុមហ៊ុន MEDTECS បង្កើនការយកចិត្តទុកដាក់ និងជំរុញផលិតសម្ភារៈ បរិក្ខារការពារ Covid-19 ឲ្យបានកាន់តែច្រើនថែមទៀតដូចជា ម៉ាស់ និងសំលៀកបំពាក់ពេទ្យជាដើម សម្រាប់ផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការទីផ្សារ ចំពោះបញ្ហាទាំងអស់នេះ គឺជាចូលរួមចំណែកដ៏សំខាន់ផងដែរ នៅក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នេះ ។
ក្នុងជំនួបនេះ, លោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia បានបង្ហាញនូវការពេញចិត្ត ចំពោះការវិនិយោគវិស័យរោងចក្រនៅកម្ពុជា ។ ចំណែកការចូលរួមទប់ស្កាត់នៃជំងឺកូវីដ ១៩ លោកសន្យា នឹងឧបត្ថម្ភសម្ភារៈបរិក្ខារ ការពារមេរោគ Covid-19 បន្ថែមទៀតដល់កម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា និងប្រគល់ថវិកាឧបត្ថម្ភចំនួន ២ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់សម្រាលបន្ទុកការងាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅកម្ពុជា តាមរយៈឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដោយផ្ទាល់ នៅសប្តាហ៍ក្រោយនេះផងដែរ ៕
អត្ថបទ ៖ សុន រ៉ាឌី

