
អ្នកវិទ្យាសាស្ត្រនៅក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា បានរៀបចំផែនការបង្កើតភ្លៀងសិប្បនិមិត្ត នៅក្នុងកិច្ចប្រឹងប្រែងដ៏ពិសេសមួយ ដើម្បីកាត់បន្ថយផ្សែងអ័ព្ទ ខណៈដែលអាជ្ញាធរកំពុងស្វែងរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយការបង្កកខ្វក់បរិយាកាសដ៏មហន្តរាយរបស់ប្រទេស។
ផែនការនេះមានពាក់ព័ន្ធនឹងការទម្លាក់អំបិល ឬអ៊ីយ៉ូតប្រាក់ចូលទៅក្នុងពពកពីយន្តហោះ ដើម្បីជួយជំរុញដល់ការបង្កើតដំណក់ទឹកភ្លៀង នៅក្នុងដំណើរការដែលគេស្គាល់ថា ជា «ការបណ្ដុះពពក»។ អ្នកផ្ដល់ការគាំទ្រសង្ឃឹមថា ការមានភ្លៀងនឹងជួយសម្អាតការបំពុលពីខ្យល់កខ្វក់។
រដ្ឋបាលតំបន់របស់ក្រុងញូវដេលី ដែលកំពុងរៀបចំគម្រោងជាមួយអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur កំពុងរង់ចាំការអនុញ្ញាតពីស្ថាប័នរដ្ឋាភិបាលជាតិ ហើយសង្ឃឹមថា នឹងបញ្ចប់គម្រោងនេះ ក្នុងសប្តាហ៍នេះ។ គ្រោងការណ៍នេះកើតឡើងបន្ទាប់ពីគុណភាពខ្យល់នៅភាគខាងជើងប្រទេសឥណ្ឌា បានវិលទៅរកកម្រិតវិបត្តិធ្ងន់ធ្ងរ ហើយបើយោងតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស ញូវដេលីជាទីក្រុង ដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក នៅក្នុងសប្តាហ៍នេះ។
ការវាយតម្លៃសន្ទស្សន៍គុណភាពខ្យល់របស់ IQAir ដែលវាស់កម្រិតនៃការបំពុលដ៏គ្រោះថ្នាក់ ដូចជាភាគល្អិតតូចបំផុត ដែលគេស្គាល់ថា PM2.5 តែងតែកើនឡើងលើសពីកម្រិត ៤០០ នៅទីក្រុងញូវដេលី ក្នុងខែវិច្ឆិកា ដែលជាកម្រិតមួយចាត់ទុកថា «បង្កគ្រោះថ្នាក់» ដល់ប្រជាជន ៣០លាននាក់នៃរដ្ឋធានីនេះ៕