
កងទ័ពអ៊ីស្រាអែល បាននិយាយថា ទាហានអ៊ីស្រាអែលបានរកឃើញផ្លូវរូងក្រោមដី ដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅមន្ទីរពេទ្យ Al Shifa នៃតំបន់ហ្កាហ្សា ខណៈដែលអង្គការសហប្រជាជាតិ ឬUN បានសម្តែងការព្រួយបារម្ភថា នឹងមិនមានជំនួយត្រូវបញ្ជូនទៅឲ្យប្រជាជនប៉ាឡេស្ទីននោះឡើយ នៅថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) នេះ តាមរយៈច្រកឆ្លងកាត់ Rafah ជាមួយប្រទេសអេហ្ស៊ីប។
កងទ័ពអ៊ីស្រាអែលបានចេញផ្សាយវីដេអូដែលខ្លួនបាននិយាយថា បង្ហាញពីច្រកចូលផ្លូវរូងក្រោមដីមួយ នៅតំបន់ខាងក្រៅនៃមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សា។ រូបភាពក្នុងវីដេអូដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះ បានបង្ហាញពីរន្ធដ៏ជ្រៅមួយនៅក្នុងដី ដែលពេញទៅដោយសំរាម និងព័ទ្ធជុំវិញដោយកម្ទេចកម្ទីថ្មបេតុង និងឈើ ហើយនិងខ្សាច់។ ជាមួយគ្នានេះ កងទ័ពក៏បានប្រាប់ដែរថា ទាហានរបស់ខ្លួនបានរកឃើញរថយន្តមួយគ្រឿងក្នុងមន្ទីរពេទ្យនេះ ដែលមានផ្ទុកអាវុធមួយចំនួនធំ។
យ៉ាងណាកក្ដី ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) ក្រុមហាម៉ាសបានប្រាប់ថា ការអះអាងរបស់មន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលថា ក្រុមខ្លួនប្រើប្រាស់មន្ទីរពេទ្យ Al Shifa សម្រាប់គោលបំណងយោធា «គឺជាការនិយាយបន្ទរឡើងវិញនៃការប្រឌិតរឿង ដែលបង្ហាញដោយការសម្ដែងខ្សោយៗ និងគួរឲ្យអស់សំណើចរបស់អ្នកនាំពាក្យយោធា»៕