
ចាប់ពីថ្ងៃសៅរ៍ស្អែកនេះតទៅ ប្រទេសហ្វាំងឡង់ នឹងបិទច្រកឆ្លងកាត់ព្រំដែនចំនួន ៤កន្លែងនៅក្នុងចំណោមច្រកឆ្លងកាត់ព្រំដែន ៩កន្លែងជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយលំហូរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមកកាន់ប្រទេសនៅតំបន់ Nordic មួយនេះ ។ នេះបើយោងតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តី Petteri Orpo បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។
កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto និយាយថា វាទំនងជារុស្ស៊ីសងសឹក សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិប្រទេសរបស់លោកជាមួយសហរដ្ឋអាមេរិក ។ លោកជឿជាក់ថារុស្ស៊ី ចាប់ផ្តើមអនុញ្ញាតឲ្យពួកគេឆ្លងកាត់ ដើម្បីឆ្លើយតបនឹងផែនការចុះហត្ថលេខានាពេលខាងមុខនេះ លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីងតោន ។
ច្រកព្រំដែនទាំង ៤នេះ ស្ថិតនៅតំបន់ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ និងជាចំណុចដ៏មមាញឹកបំផុតនៃការធ្វើដំណើររវាងប្រទេសទាំង ២ ។
ឆ្មាំព្រំដែនហ្វាំងឡង់និយាយថា នៅក្នុងសប្តាហ៍នេះ ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់សិបនាក់ មកពីប្រទេសជាច្រើនដូចជាអីរ៉ាក់ យេម៉ែន សូម៉ាលី និងស៊ីរី បានធ្វើដំណើរមកដល់ជារៀងរាល់ថ្ងៃ កាត់តាមព្រំដែនរុស្ស៊ី ។ ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ២៨០នាក់ បានធ្វើដំណើរមកដល់តំបន់ព្រំដែនហ្វាំងឡង់ ចាប់តាំងពីដើមខែវិច្ឆិកា រហូតមកទល់នឹងពេលនេះ ។
ហ្វាំងឡង់ ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុបទើបចូលជាសមាជិកអង្គការណាតូកាលពីដើមឆ្នាំនេះ ក្រោយការមិនចូលបក្សសម្ព័ន្ធអស់រយៈពេលជាច្រើនទសវត្សរ៍ធ្វើឲ្យទីក្រុងម៉ូស្គូខឹងសម្បារនោះ មានព្រំដែនរួមគ្នាជាមួយរុស្ស៊ីប្រវែង ១.៣៤០គ.ម ដែលដើរតួជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបផងដែរ ៕