អ៊ីស្រាអែល៖ នគរបាលអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកផ្សែង និងការណុងបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ដែលមានកំហឹងចំពោះវត្តមានរបស់អ្នកនយោបាយជនជាតិជ្វីហ្វជ្រុលនិយម នៅច្រកទ្វាក្រុងដាម៉ាស់រដ្ឋធានីហ្សេរុយហ្សាឡឹម។

ក្រុមអ្នកគាំទ្ររបស់អ្នកនយោបាយជនជាតិជ្វីហ្វបានគ្រវីទង់ជាតិអ៊ីស្រាអែល និងបានប្រឈមមុខជាមួយយុវជនដែលកំពុងគ្រវីទង់ជាតិប៉ាឡេស្ទីន។ ក្រុមអ្នកតវ៉ាជាច្រើននាក់ត្រូវបានគេឃើញវាយខ្នោះ និងនាំខ្លួនចេញដោយនគរបាល។ នគរបាលអ៊ីស្រាអែលបានច្រានចោលសំណើធ្វើឡើងដោយលោក Ben Gvir ដើម្បីចូលមកទីតាំងពិសិដ្ឋដែលត្រូវបានស្គាល់ដោយជនជាតិជ្វីហ្វជា Temple Mount ហើយសម្រាប់ប្រជាជនមូស្លីមត្រូវបានស្គាល់ថាជា Haram al Sharif ដែលបង្កការព្រួយបារម្ភថា វានឹងមានការប៉ះទង្គិចគ្នាក្នុងទីក្រុង។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះភាពតានតឹងបានផ្ទុះឡើង ជុំវិញការបណ្ដេញចេញក្រុមគ្រួសារប៉ាឡេស្ទីនក្នុងតំបន់ Sheikh Jarrah ទីក្រុងហ្សេរុយហ្សាឡឹមខាងកើត ដែលអាជ្ញាធរអ៊ីស្រាអែលបានរារាំងដំណើរការចូលទៅកាន់ក្រុងដាម៉ាស់ អំឡុងពិធីបុណ្យរ៉ាម៉ាដាន។
ភាពតានតឹងបានរាលដាលពីទីក្រុងហ្សេរុយហ្សាឡឹមទៅដល់តំបន់ហ្គាហ្សា ដែលបាននាំទៅរកសង្គ្រាមរយៈពេល ១១ថ្ងៃរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់។ លោក Ben Gvir គឺជាប្រធានគណបក្សអំណាចជនជាតិជ្វីហ្វស្ដាំនិយម ដែលបានញុះញង់ឲ្យមានអំពើហិង្សាប្រឆាំងអារ៉ាប់ ដែលបានអំពាវនាវឲ្យអ៊ីស្រាអែលត្រូវបានគ្រប់គ្រង ដោយច្បាប់សាសនាជ្វីហ្វ និងបានគាំទ្រការបណ្ដេញចេញជនជាតិអារ៉ាប់ និងអ្នកមិនមែនជនជាតិជ្វីហ្វផ្សេងទៀតពីប្រទេសអ៊ីស្រាអែល និងដែនដីដែលបានកាន់កាប់៕
អត្ថបទ៖ ប៊ុនថន