
ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តរីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ស្របពេលដែលជម្លោះកើនឡើង របបសឹកមីយ៉ាន់ម៉ា បានបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ និងអ្នកដែលមានបទពិសោធន៍យោធា ត្រូវតែត្រៀមខ្លួនចូលបម្រើកងទ័ព ក្នុងករណីកើតមានគ្រាអាសន្ន ។
ការប្រកាសឲ្យដឹងពីមន្រ្តីមួយរូបកាលពីថ្ងៃព្រហស្បតិ៍ បានកើតមាន ស្របពេលដែលរបបសឹក រាយការណ៍ថា មាននូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីក្រុមបះបោរប្រដាប់អាវុធ នៅតាមរដ្ឋចំនួន ៣ ។
វីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមដោយរដ្ឋាភិបាលបង្រួបបង្រួមជាតិ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឃើញយោធារបស់ពួកគេ ដុតកម្ទេចចោលបន្ទាយទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងពន្ធនាគារ Kalay ស្ថិតនៅតំបន់ភាគខាងជើងប្រទេស ។
គួរឲ្យដឹងថា យោធាមីយ៉ាន់ម៉ា បានធ្វើសង្រ្គាមជាមួយជនជាតិដើមភាគតិច និងក្រុមបះបោរផ្សេងទៀត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
ប៉ុន្តែនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ពេលដែលយោធារឹបអូសអំណាច បានធ្វើឲ្យកើតមានការសម្របសម្រួលមិនធ្លាប់ដែលមានកាលពីមុនមក រវាងកងកម្លាំងប្រឆាំងយោធាមីយ៉ាន់ ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ អ្នកវិភាគ Jason Tower បាននិយាយថា យោធាបច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិអត្ថិរភាព ពេលដែលក្រុមបះបោរប្រឆាំងរបបសឹក បង្កការងារលំបាកធំបំផុតដល់កងទ័ពអស់រយៈពេលជាច្រើឆ្នាំមកហើយ ៕