
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបន្តស្វែងរកអ្នករស់រាននៅក្រោមគំនរបាក់បែកផ្ទះរបស់គ្រួសារ Abu Zanad ស្ថិតនៅក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្រោយរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំអ៊ីស្រាអែល ។
លោក Hani Abu Zanad ដែលជាសាច់ញាតិរបស់មនុស្សជាប់ក្រោមគំនរបាក់បែក និយាយថា អ្វីទៅគឺជាបទឈប់បាញ់មនុស្សធម៌ ពេលដែលអ្នកជម្លៀសខ្លួនពីតំបន់ហ្គាហ្សា ស្រ្តី និងកុមារ ស្ថិតក្រោមផ្ទះមួយខ្នងនេះបែបនេះ? ពួកគេគឺជាសាច់ញាតិរបស់ពួកយើង ពួកគេបានជម្លៀសខ្លួន ហើយនិងរត់គេចចេញពីការប្រល័យពូជសាសន៍ និងសង្រ្គាមនៅតំបន់ហ្គាហ្សា ។ ពួកគេនិយាយថា នៅតំបន់ភាគខាងត្បូងសុវត្ថិភាព តើសុវត្ថិភាពនៅឯណា ? ការប្រល័យពូជសាសន៍កើតឡើងគ្រប់វិនាទីទាំងអស់ ។
កងកម្លាំងអាកាសអ៊ីស្រាអែល បានទម្លាក់ខិតបណ្ណកាលពីយប់ថ្ងៃព្រហស្បតិ៍នៅតំបន់ភាគខាងកើតទីក្រុង Khan Younis ដែលស្ថិតនៅតំបន់ភាគខាងត្បូងហ្គាហ្សា ដោយនិយាយប្រាប់ប្រជាពលរដ្ឋឲ្យជម្លៀសចេញសម្រាប់សុវត្ថិភាពរបស់ពួកគេ ដោយពួកគេលើកឡើងថា ប្រតិបត្តិការសឹកជិតកើតឡើងហើយនៅតំបន់នេះ ។
ខិតបណ្ណស្រដៀងគ្នា ត្រូវបានទម្លាក់រួចម្តងមកហើយកាលពីរយៈពេលប្រហែល ២សប្តាហ៍មុន ប៉ុន្តែលើកនេះ ការទម្លាក់អមមកជាមួយការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះ លើតំបន់ភាគខាងកើតទីក្រុង Khan Younis ។
សូមបញ្ជាក់ថា ២ភាគ៣នៃប្រជាពលរដ្ឋ ២,៣លាននាក់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប គ្មានផ្ទះសម្បែងរស់នៅដោយសារតែសង្រ្គាម ហើយរាល់ទីកន្លែងដែលមាននៅក្នុងទីក្រុង Khan Younis និងទីក្រុងផ្សេងទៀត មានមនុស្សច្រើនកុះកអស់ទៅហើយ ៕