
នៅថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកឃើញកងកម្លាំងរបស់ពួកគេប្រតិបត្តិការនៅក្នុងរោងចក្រផលិតអាវុធរបស់ក្រុមជីវពលហាម៉ាស់ដែលរងការបំផ្លិចបំផ្លាញ និងដណ្តើមបាននៅតំបន់ហ្គាហ្សា ។
រូបថតសន្លឹកដែលទីភ្នាក់ងាររ៉យទ័រមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនេះ រួមមានទាំងរូបថតសន្លឹកពីកាំភ្លើងវែង រ៉ុក្កែត និងទីតាំងស្តុកគ្រាប់រំសេវ ដែលកងកម្លាំងអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញនៅក្នុងមូលដ្ឋានយោធាជារបស់ក្រុមជីវពលជីហាដអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ភាគខាងជើងហ្គាហ្សា ។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ហើយនិងរថយន្តផ្ទុកអាវុធនៅបរិវេនមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងតំបន់ហ្គាហ្សា ។
យោធាអ៊ីស្រាអែល និយាយថា នៅមន្ទីរពេទ្យ Al Shifa កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)បានរកឃើញផ្លូវរូងក្រោមដី និងរថយន្តមួយគ្រឿងមានអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ៕