
ទីក្រុងប៉េកាំង និយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ទីក្រុងតូក្យូ គួរតែលើកឡើងឲ្យបានខ្លាំងលើក្តីកង្វល់ពីការបញ្ចេញទឹកបន្សាបវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរ Fukushima អំឡុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា អ្នកស្រីសង្ឃឹមថា ប្រទេសទាំង ២នឹងស្វែងរកផ្លូវជាក់ស្តែង ដើម្បីលើកឡើងពីបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មាន ។
មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២នៅអាស៊ី បានពិភាក្សាផងដែរលើបញ្ហាលំបាកជាច្រើន ដូចជាបំរាមរបស់ចិនលើគ្រឿងសមុទ្រជប៉ុន ហើយនិងករណីដ៏គួរចាប់អារម្មណ៍មួយទៀតរបស់អ្នកជំនួញជប៉ុនដែលត្រូវឃាត់ខ្លួននៅចិន អំឡុងការជជែកពិភាក្សាគ្នារយៈពេល ៤ម៉ោងនៅទីក្រុង San Francisco សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC ។
សូមបញ្ជាក់ថា ភាពតានតឹងកាលពីពេលថ្មីៗរវាងប្រទេសទាំង ២ បានកើតមានឡើងដោយសារតែបំរាមរបស់ចិនលើគ្រឿងសមុទ្រជប៉ុន បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូ បញ្ចេញទឹកបន្សាបសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រកាលពីដើមឆ្នាំនេះ ៕