សៀមរាប ៖ បើទោះបីមានការផ្ទុះនូវជំងឺកូវីដ-១៩ នៅក្នុងតំបន់ទេសចរណ៍ខេត្ដសៀមរាបក្ដី ក៏ប៉ុន្ដែអាជ្ញាធរជាតិអប្សរា នៅតែបន្ដការរៀបចំរមណីយដ្ឋានអង្គរបន្តបន្ទាប់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនា នូវសោភ័ណភាពទេសភាព នៅក្នុងតំបន់នោះ។
ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ត្រូវបានកែលម្អរ អោយមានទេសភាពស្រស់ស្អាត ដូចសួននៅបរិវេណអង្គរវត្ត ត្រពាំងសេស ខាងមុខអង្គរវត្ដ ការរៀបចំរចនាសម្ព័ន្ធផ្លូវ និង ប្រពន្ធលូបង្ហូរទឹកនៅទីលាននៃទីក្រុងអង្គរធំជាដើម ដើម្បីជាការទាក់ទាញអ្នកទេសចរណ៍ក្រោយបញ្ចប់ជំងឺកូវីដ-១៩។
ឯកឧត្ដម បានបន្ដថា នាពេលបច្ចុប្បន្ននេះ កន្លែងខ្លះ នៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាង្គប្រាសាទ មានទិដ្ឋភាពស្រស់ស្អាត ដែលធ្វើអោយភ្ញៀវទេសចរជាតិ និង អន្តរជាតិ មានការកោតសរសើរ និងបាននឹងកំពុងទាក់ទាញពួកគាត់មកទស្សនាជាបន្តបន្ទាប់ក្នុងអំឡុងជំងឺកូវីដ-១៩នេះ និង ក្រោយពេលបើកអោយចូលទស្សនា អស់រយៈពេលជាង១ខែប៉ុណ្ណោះ។ ភ្ញៀវទាំងនោះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីបណ្តាខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា និង ភ្ញៀវក្នុងស្រុកនៃខេត្តសៀមរាបផងដែរ។ជាងនោះទៅទៀត ក៏មានអ្នកជិះកង់កំសាន្ដក្នុងរមណីយដ្ឋានច្រើនកុះករផងដែរ ដោយសារផ្លូវបានរៀបចំស្រស់ស្អាត។
ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តាមការស្រង់ទិន្នន័យ គិតត្រឹមថ្ងៃទី១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំពោះភ្ញៀវមានចំនួនសរុប ៧៩,១៨៧នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន៧៥,៣៤៣នាក់ ភ្ញៀវបរទេសចំនួន៣,១៣៧នាក់ និងព្រះសង្ឃចំនួន៦១៦អង្គ។ ឯកឧត្ដម បន្ថែមថា ក្រោយការរៀបចំហើយនេះ ចំនួនភ្ញៀវកើនឡើងគួរឲ្យគត់សម្គាល់ ក្នុងបរិបទជំងឺកូវីដ-១៩។ប៉ុន្ដែទោះជាយ៉ាងណា តំបន់ទេសចរណ៍អង្គរ ត្រូវបានមន្ត្រីអាជ្ញាធរជាតិអប្សរាដែលប្រចាំការតាមច្រកត្រួតពិនិត្យនោះ នៅតែបន្តអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ ។ជាមួយគ្នានោះ ករណីភ្ញៀវមិនព្រមអនុវត្តតាម ដូចជាការបាញ់វាស់កម្ដៅ ពាក់ម៉ាស់ បាញ់អាកុលជាដើម គឺមិនអនុញ្ញាតអោយចូលជាដាច់ខាត៕





