
វិទ្យាស្ថានស្រាវជ្រាវអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រទេសវៀតណាមបាននិងកំពុងបង្កើនការងារបូម និងចាក់ដីបំពេញ នៅប្រជុំកោះស្ប្រ៉ាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតបានផ្ទៃដីចំនួន ៣៣០ហិកតាទៀត គិតចាប់តាំងពីខែធ្នូឆ្នាំមុន។
ការពង្រីកនេះ ដែលមានទំហំធំជាង ១២០ហិចតា ដែលប្រទេសនេះបានបង្កើតឡើងនៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០២២ បានធ្វើឲ្យប្រទេសវៀតណាមនៅលំដាប់ទី២ បន្ទាប់ពីប្រទេសចិនទាក់ទងនឹងការសាងកោះ នៅក្នុងប្រជុំកោះស្ប្រ៉ាតលី។ នេះបើយោងតាមមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងរបាយការណ៍ នៅសប្តាហ៍នេះ ដោយដកស្រង់ពីរូបភាពផ្កាយរណប។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រទេសចិនអះអាងអធិបតេយ្យលើដែនសមុទ្រចិនខាងត្បូងដ៏ធំសម្បើម ក្នុងនោះរួមទាំងតំបន់ដែលវៀតណាមបាននិងកំពុងសាងសង់កោះផងដែរ។
សមុទ្រនេះគឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ដែលមានពាណិជ្ជកម្មជាង ៣ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗឆ្លងកាត់។ ប្រទេសចិន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម បានដាក់ពាក្យតវ៉ា ដើម្បីទាមទារផ្នែកខ្លះ ឬទាំងអស់នៃប្រជុំកោះស្ប្រ៉ាតលី៕