លោក Yu Eui-dong គឺជាប្រធានគោលនយោបាយគណបក្សកាន់អំណាចនិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូងមានបំណងដាក់បំរាមហាមឃាត់ការទទួលទានសាច់សុនខ ហើយនិងបញ្ចប់ជម្លោះជុំវិញទំនៀមទម្លាប់បុរាណមួយនេះ ស្របពេលមានការយល់ដឹងកើនឡើងពីសិទ្ធិសត្វ ។
លោក Eui-dong និយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងគណបក្សកាន់អំណាច នឹងណែនាំសេចក្តីព្រាងច្បាប់មួយក្នុងឆ្នាំនេះ ដើម្បីចេញបំរាមហាមឃាត់ការទទួលសាច់សុនខ ហើយបើមានការគាំទ្រទ្វេបក្ស សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងកាត់សភា ។
ក្រុមសិទ្ធិសត្វ បានស្វាគមន៍បំរាមមួយនេះ ខណៈដែលក្រុមប្រជាកសិករចិញ្ចឹមសត្វសុនខយកសាច់ បានដង្ហែក្បួនធ្វើបាតុកម្មនៅមុខសភា ដោយពួកគេនិយាយថា ការសម្រេចចិត្តមួយនេះ ពុំបានអើពើនឹងសិទ្ធិរស់នៅរបស់ប្រជាកសិករនោះទេ ។
យោងតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា មាននូវកសិដ្ឋានបង្កាត់សុនខប្រហែល ១.១៥០កន្លែង ផ្ទះសត្តឃាត ៣៤កន្លែង ក្រុមហ៊ុនចែកចាយសាច់សុនខ ២១៩កន្លែង ហើយភោជនីយដ្ឋានបម្រើសាច់សុនខ ប្រហែល ១.៦០០កន្លែង ។
សូមបញ្ជាក់ថា ការទទួលទានសាច់សុនខ បានរងការរិះគន់យ៉ាងខ្លាំងពីបរទេស សម្រាប់ការសម្លាប់សុនខយ៉ាងឃោឃៅ ប៉ុន្តែមាននូវការជំទាស់កើនឡើងផងដែរនៅកូរ៉េខាងត្បូង ជាពិសេសការប្រឆាំងពីមនុស្សជំនាន់ក្រោយ ៕