អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រំពឹងថា ក្រុមប្រទេសដែលមានឧស្សាហកម្មលូតលាស់ទាំង ៧ ឬ G7 នឹងយល់ព្រមបរិច្ចាគវ៉ាក់សាំងចំនួន ១ពាន់លានដូសដល់បណ្ដាប្រទេសក្រីក្រ ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ខ្លួនដែលចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១១ ខែមិថុនា និងជួយដល់ពិភពលោកនៅចុងឆ្នាំក្រោយ។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានប្ដេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសនេះជាមួយនឹងការបរិច្ចាគ ៥០០លានដូសនៃវ៉ាក់សាំងក្រុមហ៊ុន Pfizer លោក Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់វ៉ាក់សាំងសល់ពីតម្រូវការក្នុងប្រទេសរបស់ខ្លួន យ៉ាងហោចណាស់ជាង ១០០លានដូសដល់ប្រទេសក្រីក្របំផុត។ លោក Johnson បានអំពាវនាវដល់មេដឹកនាំ G7 រួចហើយក្នុងការប្ដេជ្ញាចាក់វ៉ាក់សាំងលើពិភពលោកទាំងមូលនៅចុងឆ្នាំ២០២២ ហើយក្រុមនេះត្រូវបានគេរំពឹងថា នឹងសន្យាផ្តល់វ៉ាក់សាំងចំនួន ១ពាន់លានដូសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃរបស់ខ្លួននៅឯរមណីយដ្ឋានមាត់ឆ្នេរសមុទ្រ Carbis Bay របស់អង់គ្លេស។
ក្រុមយុទ្ធនាការមួយចំនួនបានថ្កោលទោសចំពោះផែនការនេះ ដែលប្រៀបដូចជាទម្លាក់ចូលក្នុងមហាសមុទ្រដោយអង្គការ Oxfam បានប៉ាន់ប្រមាណថា មនុស្សជិត ៤ពាន់លាននាក់នឹងពឹងផ្អែកលើគម្រោងចែកចាយវ៉ាក់សាំងសកល COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម៕
អត្ថបទ៖ សុខមាន