
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចប់ការជំរុញផ្នែកការទូតរយៈពេល ៤ ថ្ងៃជាមួយប្រទេសចិន និងប្រទេសតំបន់ប៉ាស៊ីហ្វិកដ៏ទៃទៀត ដោយបានរៀបចំកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃសុក្រ ជាមួយមេដឹកនាំពិភពលោក និងជាមួយប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador ដែលលោកបានមកចូលរួមផងដែរ។ មុនពេលជំនួបទ្វេភាគីរបស់មេដឹកនាំទាំងពីរ លោក Biden និង Lopez Obrador បានបង្ហាញចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហានៃការធ្វើអន្តោប្រវេសន៍ និងការជួញដូរសារធាតុហ្វង់តានីល(fentanyl) ។ លោក Biden និយាយថា ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិកឈរជាមួយគ្នា។ យើងមើលឃើញនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់យើង យើងកំពុងធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងការជួញដូរអាវុធ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មរៀបចំទុក និងដើម្បីដោះស្រាយការរីករាលដាលការជួញដូរអាភៀន រួមទាំងសារធាតុហ្វង់តានីល(fentanyl)។ លោក Lopez Obrador បានចាត់ទុកទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ថាគួឲ្យគោរព និងមានសហប្រតិបត្តិការ ហើយលោកបានកោតសរសើរលោក Biden សម្រាប់គោលនយោបាយអន្តោប្រវេសន៍របស់លោក ដោយចាត់ទុកលោកថាជា «ប្រធានាធិបតីមិនធម្មតាម្នាក់» និង «ជាបុរសម្នាក់ដែលមានភាពជឿជាក់»។ ជំនួបទ្វេភាគីនេះ ធ្វើឡើងខណៈប្រទេសទាំងពីរមានជម្លោះលើបញ្ហាពាណិជ្ជកម្មសំខាន់ៗមួយចំនួន។ ភាពធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺននៃទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Mexico City កើតឡើង ទោះបីជាសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរីកចម្រើនក៏ដោយ។ ប្រទេសម៉ិកស៊ិក បានវ៉ាដាច់ប្រទេសកាណាដា និងចិន ក្លាយជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដែលឈានដល់ទំហំពាណិជ្ជកម្មសរុបចំនួន ៣៩៦,៦ ពាន់លានដុល្លារ ខណៈផលិតកម្មរថយន្តរបស់ម៉ិកស៊ិកកើនឡើង ហើយក្រុមហ៊ុនអាមេរិកផ្សេងទៀតបានផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនទៅរកប្រទេសជិតផ្ទះ។