
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) បានបញ្ចេញនវីដេអូពីអ្វី ដែលខ្លួនបាននិយាយថា គឺជាគ្រាប់មីស៊ីលបាញ់លើស្មា គ្រាប់កាំភ្លើងត្បាល់ និងអាវុធមួយចំនួនទៀត ដែលទុកនៅខាងក្នុងសាលាមត្តេយ្យមួយ ក្នុងតំបន់ហ្កាហ្សា។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យបាននោះឡើយ។ យោងតាមចំណងជើងដែលផ្ដល់ដោយកងទ័ព នៅក្នុងប៉ុស្តិ៍បណ្ដាញសង្គម Telegram បានឲ្យដឹងថា កងទ័ពរបស់ខ្លួន បានរកឃើញ «គ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ ដែលត្រូវបានលាក់ទុកដោយក្រុមហាម៉ាស នៅក្នុងសាលាមត្តេយ្យមួយ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប»។
កាលពីដើមសប្តាហ៍នេះ នៅឯមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្កាហ្សា គឺមន្ទីរពេទ្យ Al Shifa ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួន ក្នុងការស្វែងរករយៈពេល ២ថ្ងៃ បានរកឃើញរថយន្ត ១គ្រឿង ដែលផ្ទុកមានអាវុធជាច្រើន និងរចនាសម្ព័ន្ធក្រោមដី ដែលខ្លួនហៅថា ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស៕