
ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) បាននិយាយថា ប្រទេសខ្លួននឹងប្រើប្រាស់ការទូត ដើម្បីធានាថា គ្មានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដោយផ្លាស់ប្តូរអាទិភាពគោលនយោបាយការបរទេសដ៏មានសក្ដានុពល សម្រាប់ប្រទេសកោះ នៅមហាសមុទ្រឥណ្ឌា ដែលប្រទេសឥណ្ឌា និងចិន ប្រជែងគ្នាដណ្ដើមឥទ្ធិពលនៅទីនេះ។
លោកប្រធានាធិបតី Mohamed Muizzu បានលើកឡើងបែបនេះ អំឡុងពេលធ្វើពិធីស្បថចូលកាន់តំណែងរបស់លោក នៅថ្ងៃសុក្រនោះ បន្ទាប់ពីពីមានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសម៉ាល់ឌីវក្នុងខែកញ្ញា ដោយបានយកឈ្នះអ្នកកាន់អំណាចចាស់លោក Ibrahim Solih សម្រាប់ការបោះឆ្នោតជុំទី២។
លោក Solih បានអនុវត្តតាមគោលនយោបាយ «ឥណ្ឌាទី១» ប៉ុន្តែលោក Muizzu នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត បានសន្យាថា នឹងលុបវត្តមានយោធាឥណ្ឌាមួយចំនួនតូចចេញពីម៉ាល់ឌីវ ដោយសមាជិកយោធានោះ មានចំនួន ៧៥នាក់។
លោក Muizzu បាននិយាយកាលពីខែមុនថា លោកនឹងធ្វើការ ដើម្បីបញ្ជូនបុគ្គលិកយោធាឥណ្ឌាទៅវិញ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ដែរលើការប្តេជ្ញាចិត្តរបស់លោក ក្នុងការមានទំនាក់ទំនងវិនិយោគកាន់តែរឹងមាំ ជាមួយទាំងឥណ្ឌា និងចិន ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច។
ដោយមានប្រជាជនចំនួន ៥២១.០០០នាក់ ប្រទេសម៉ាល់ឌីវទទួលបានភាពល្បីល្បាញដោយសារជាប្រជុំកោះផ្កាថ្មសម្បូរពន្លឺព្រះអាទិត្យ និងរមណីយដ្ឋានទេសចរណ៍ប្រណីត៕